ប្រមុខក្រុមរដ្ឋអ៊ីស្លាមនៅមហាតំបន់សាហារ៉ានៃទ្វីបអាហ្វ្រិក ដែលគេតាមរកចាប់ខ្លួនឬកំទេចចំពោះការវាយប្រហារសម្លាប់ទាហានអាម៉េរិកនិងបុគ្គលិកជំនួយបរទេសនោះ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិ ការមួយរបស់ទាហានបារាំង។អាតណាន់ អាប៊ូ វ៉ាលីដ អាល់-សារ៉ាវី (Adnan Abu Walid al-Sahrawi)ត្រូវកំទេចដោយទាហានបារាំង នេះបើតាមការប្រកាសរបស់ប្រធានាធិបតីបារាំងលោក អេមម៉ានុយអែល ម៉ាក្រុង កាលពីថ្ងៃព្រហស្បតិ៍ទី១៦កញ្ញា។លោកបានសរសេរបង្ហោះក្នុងបណ្តាញសង្គមថា «នេះជាជោគជ័យធំមួយទៀតនៃការប្រយុទ្ធរបស់យើងប្រឆាំងក្រុមភេរវកម្មនៅតំបន់សាហែល»។
មេដឹកនាំក្រុមជីហាតនេះ បានស្ថិតនៅពីក្រោយការសម្លាប់បុគ្គលិកផ្តល់ជំនួយបារាំងនៅឆ្នាំ២០២០ និងក៏ត្រូវអាម៉េរិកតាមរកចាប់ខ្លួនឬសម្លាប់ចោលដោយសារតែការវាយប្រហារលើទាហានអាម៉េរិកនៅក្នុងប្រទេសនីហ្សេកាលពីឆ្នាំ២០១៧៕