រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឡើងការពារសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន៣ ជាមួយគណៈកម្មការទី៩ ព្រឹទ្ធសភា

(ភ្នំពេញ)៖ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម នៅថ្ងៃអង្គារ ទី១៤ ខែកញ្ញា បានដឹកនាំ គណៈប្រតិភូការពារសេចក្តីព្រាងច្បាប់សំខាន់ចំនួន៣ ពាក់ព័ន្ធការធ្វើពាណិជ្ជកម្មជាមួយបរទេស ជាមួយគណៈកម្មទី៩ នៃព្រឹទ្ធសភា។

សេចក្តីព្រាងច្បាប់ដែលគណៈកម្មការទី៩នៃព្រឹទ្ធសភាលើកមកពិនិត្យ ហើយ ឯកឧត្តម រដ្ឋមន្ត្រី ចូលខ្លួនការពារនេះ រួមមាន៖ សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប), សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា-ចិន និងសេចក្តីព្រាងច្បាប់ស្តីពីការប្រកួត ប្រជែង។

កិច្ចប្រជុំពិនិត្យសេចក្តីព្រាងច្បាប់ទាំង៣នេះ ធ្វើឡើងតាមប្រព័ន្ធវីដេអូពីចម្ងាយ ដឹកនាំដោយលោក គង់ សារាជ សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានគណៈកម្មការទី៩ នៃព្រឹទ្ធសភា។

ឯកឧត្តម ប៉ាន សូរស័ក្តិ បានជម្រាបអង្គប្រជុំអំពីខ្លឹមសារសំខាន់ៗ ព្រមទាំងអត្ថប្រយោជន៍ដែល កម្ពុជានឹងទទួលបាននៅពេលកិច្ចព្រមព្រៀង និងច្បាប់ទាំងនេះចូលជាធរមាន។ ឯកឧត្តម រដ្ឋមន្ត្រី ក៏បានឆ្លើយសំណួរស្វែងយល់បន្ថែមរបស់គណៈកម្មការព្រឹទ្ធសភាផងដែរ។

ឯកឧត្តម រដ្ឋមន្ត្រីពាណិជ្ជកម្ម បានជម្រាបអង្គប្រជុំពីកិច្ចខិតខំរបស់ក្រសួងពាណិជ្ជកម្ម ក្នុងការកសាង ច្បាប់និងបទដ្ឋានគតិយុត្តវិស័យពាណិជ្ជកម្មសំដៅធ្វើឱ្យប្រសើរទ្បើងនូវបរិយាកាសធុរកិច្ច ក៏ដូចជា ការធ្វើពិពិធកម្មទីផ្សារ និងស្វែងរកទីផ្សារបន្ថែម តាមរយៈការចរចាបង្កើតកិច្ចព្រមព្រៀងពាណិជ្ជ កម្មសេរីទ្វេភាគី និងពហុភាគីជាមួយដៃគូពាណិជ្ជកម្មសំខាន់ៗផងដែរ ដើម្បីជំរុញការនាំចេញ ស្របតាមគោលនយោបាយចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

ជាលទ្ធផល បន្ទាប់ពីជជែកពិភាក្សាយ៉ាងផុសផុលរួចមក គណៈកម្មការទី៩ នៃព្រឹទ្ធសភា បានអនុម័តយល់ព្រមទាំងស្រុង ដាក់សេចក្តីព្រាងច្បាប់ខាងលើចូលក្នុងកិច្ចប្រជុំពេញអង្គព្រឹទ្ធសភា នាពេលខាងមុខ ដើម្បីស្នើសុំការអនុម័តយល់ព្រម។

សូមជម្រាបជូនថាសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(អាសិប), សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរីកម្ពុជា-ចិន និង សេចក្តីព្រាងច្បាប់ស្តីពីការប្រកួតប្រជែង ត្រូវបានរដ្ឋសភាអនុម័ត យល់ព្រមទាំងស្រុង ក្នុងសម័យប្រជុំពេញអង្គរដ្ឋសភា លើកទី៦ នីតិកាលទី៦ កាលពីថ្ងៃទី៩ ខែ កញ្ញា ឆ្នាំ២០២១រួចហើយ៕