ជើងហោះហើរជម្លៀសមួយទៀតចាកចេញពីក្រុងកាប៊ុល ខណៈអ.ស.បព្រមានអំពីការសងសឹកពីសំណាក់តាលីបង់

ជើងហោះហើរពាណិជ្ជកម្មទីពីរបានចាកចេញពីប្រទេសអាហ្វហ្គានីស្ថានកាលពីថ្ងៃសុក្រទី១០កញ្ញាដោយដឹកជនបរទេសនិងជនជាតិអាហ្វហ្គានីស្ថានដែលជាសញ្ញាថាអាកាសយានដ្ឋានសំខាន់របស់ប្រទេសជិតចាប់ផ្តើមដំណើរការពាណិជ្ជកម្មឡើងវិញ ខណៈអង្គការសហប្រជាជាតិព្រមានអំពី “ការសម្លាប់សងសងសឹក” ពីសំណាក់តាលីបង់។

យន្ដហោះនេះបានចេញដំណើរទៅកាតា គឺមួយថ្ងៃបន្ទាប់ពីអ្នកដំណើរជាង ១០០នាក់រួមទាំងជនជាតិអាម៉េរិកខ្លះបានចាកចេញពីអាកាសយានដ្ឋានកាប៊ុលក្នុងជើងហោះហើរដំបូងដែលដឹកជនបរទេសចេញពីរដ្ឋធានីអាហ្វហ្គានីស្ថានចាប់តាំងពីការជម្លៀសដែលដឹកនាំដោយអាម៉េរិកបានបញ្ចប់នៅថ្ងៃទី ៣០ ខែសីហា។

អ្នកនាំពាក្យនៃក្រុមប្រឹក្សាសន្តិសុខជាតិលោកស្រី អេមីលី ហន បាននិយាយថា ពលរដ្ឋអាម៉េរិក ៣២នាក់ឬអ្នករស់នៅអចិន្ត្រៃយ៍បានចាកចេញពីអាហ្វហ្គានីស្ថានដោយមានការគាំទ្រពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ទាំងតាមជើងហោះហើរកាតាអ៊ែរវ៉េឬតាមផ្លូវគោក។

លោកស្រីហននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា”ការចាកចេញនៅថ្ងៃនេះបង្ហាញពីរបៀបដែលយើងផ្តល់ឱ្យជនជាតិអាម៉េរិកនូវជម្រើសច្បាស់លាស់និងសុវត្ថិភាពដើម្បីចាកចេញពីអាហ្វហ្គានីស្ថានពីទីតាំងផ្សេងៗគ្នា”។

“យើងនឹងបន្តផ្តល់ជម្រើសដែលអាចបញ្ជាក់បានសម្រាប់ការចាកចេញ។ វាអាស្រ័យលើជនជាតិអាម៉េរិកថាតើពួកគេត្រូវជ្រើសរើសយកជម្រើសទាំងនោះឬក៏អត់”។

ក្នុងចំណោមអ្នកដំណើរ ១៥៨ នាក់ដែលបានមកដល់រដ្ឋធានីដូហាប្រទេសកាតាកាលពីល្ងាចថ្ងៃសុក្រមាន ៤៩ នាក់ជាជនជាតិបារាំងនិងក្រុមគ្រួសាររបស់ពួកគេដោយមន្ត្រីកាតាម្នាក់បន្ថែមថាក៏មានជនជាតិអាល្លឺម៉ង់ កាណាដា ហូឡង់ អង់គ្លេស បែលហ្ស៊ិក និង ម៉ូរីតានី នៅលើយន្តហោះដែរ៕