ស្ថានទូតថៃប្រចាំកម្ពុជា បរិច្ចាគគ្រឿងឧបភោគបរិភោគ ជូនដល់ពលករចំណាកស្រុក ក្នុងខេត្ត កោះកុង ដែលកំពុងធ្វើចត្តាឡីស័ក

(កោះកុង)៖ ស្ថានទូតថៃប្រចាំកម្ពុជា បរិច្ចាគជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ផ្ដល់ ជូនដល់ពលករចំណាកស្រុកកម្ពុជា ដែលកំពុងធ្វើចត្តាឡីស័ក នៅតាមបណ្ដាមណ្ឌលចត្តាឡីស័ក នានា ក្នុងខេត្តកោះកុង។

ពិធីនេះ ធ្វើឡើងក្រោមវត្ដមាន លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងមានចូលរួមពី លោក ភិឆីត ប៊ុនសុត អគ្គរាជទូត អមដំណើរដោយមន្ត្រីរាជការ នៃស្ថានទូតថៃប្រចាំកម្ពុជា តំណាង ឲ្យស្ថានទូតថៃ រួមជាតំណាងក្រុមហ៊ុនឯកជនថៃនៅកម្ពុជា ជាច្រើនរូបទៀត នាពេលថ្មីៗនេះ។

សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការមើលថែ ពលករចំណាកស្រុកកម្ពុជា ដែលទទួលរងនូវផលប៉ះពាល់ ពីការឆ្លងរាតត្បាតនៃជំងឺកូវីត-១៩ ដែលធ្វើឲ្យពលករជាច្រើនសន្ធឹកសន្ធាប់ បានធ្វើដំណើរត្រឡប់មកស្រុកកំណើតវិញ។

រាជរដ្ឋាភិបាលថៃ មានការប្ដេជ្ញាចិត្តយ៉ាងមុតមាំ នៅក្នុងការមើលថែទាំពលករកម្ពុជា ទាំងដែលកំពុង រស់នៅក្នុងប្រទេសថៃ និងដែលបានធ្វើដំណើរត្រឡប់ មកប្រទេសកម្ពុជាវិញ ដោយចាត់ទុកថា ពលករទាំងអស់នោះ ជាកំលាំងចលករដ៏សំខាន់ នៅក្នុងការជំរុញវិស័យសេដ្ឋកិច្ចរបស់ប្រទេសថៃ។

គូសបញ្ជាក់ថា កន្លងមកស្ថានទូត និងវិស័យឯកជនថៃនៅកម្ពុជា បានរួមគ្នាបរិច្ចាគ ជាគ្រឿង ឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ជូនដល់ពលករចំណាកស្រុកកម្ពុជា នៅតាមបណ្ដាមណ្ឌល ចត្តាឡីស័កនានា នៅក្នុងខេត្តបន្ទាយមានជ័យ ឧត្តរមានជ័យ និងបាត់ដំបង រួចមកហើយ៕