សហរដ្ឋអាមេរិក អំពាវនាវដល់តាលីបង់ អនុញ្ញាតឱ្យយន្ដហោះដឹកអ្នកដំណើរ ចាកចេញពីអាហ្វហ្កានីស្ថាន

(ប៊ែរឡាំង)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៩ ខែកញ្ញា ឆ្នាំ២០២១បានអោយដឹងថា រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បាន អំពាវនាវសាជាថ្មីដល់ក្រុមតាលីបង់អនុញ្ញាតឱ្យយន្ដហោះដឹកពលរដ្ឋអាមេរិក និងប្រជាជន អាហ្វ ហ្កានីស្ថានងាយរងគ្រោះមួយចំនួនចាកចេញពីដោយសុវត្ថិភាព។

ការលើកឡើងរបស់លោក Antony Blinken កើតមានឡើងបន្ទាប់ពីយន្ដហោះដឹកអ្នកដំណើរមួយចំនួនកំពុងជាប់គាំងនៅឯអាកាសយានដ្ឋានក្នុងទីក្រុង Mazar-i-Sharif ខណៈមានការអះអាងខ្លះថាក្រសួងការបរទេសអាមេរិកមិនបានប្រឹងប្រែង ឱ្យគ្រប់គ្រាន់ដើម្បីសម្រួលដល់ការចាកចេញរបស់អ្នកដំណើរទាំងនោះ នោះទេ។

ប៉ុន្តែ នៅក្នុងសន្និសីទសារព័ត៌មាននាឱកាសបំពេញទស្សនកិច្ចនៅប្រទេសអាល្លឺម៉ង់ នៅថ្ងៃពុធ សប្ដាហ៍នេះ លោក Blinken បានបញ្ជាក់ថាសហរដ្ឋអាមេរិកកំពុងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជួយសម្រួល ឱ្យយន្ដហោះដែលកំពុងជាប់គាំងចាកចេញពីអាហ្វហ្កានីស្ថានដោយសុវត្ថិភាព តែក្រុមតាលីបង់ទៅ វិញទេដែលមិនទាន់អនុញ្ញាតឱ្យ ជើងហោះហើរទាំងនេះចាកចេញ។

លោក Blinken បន្ថែមទៀតថាសហរដ្ឋអាមេរិកបានបញ្ជូនសារយ៉ាងច្បាស់ទៅកាន់គ្រប់ភាគីទាំង អស់ រួមទាំងក្រុមតាលីបង់ថាជើងហោះហើរដែលកំពុងជាប់គាំង ចាំបាច់ត្រូវតែចាកចេញដោយ សុវត្ថិភាព។យ៉ាងណាក៏ដោយក្រុមតាលីបង់មិនទាន់ធ្វើអត្ថាធិប្បាយអ្វីទៅនឹងការលើកឡើងរបស់រដ្ឋមន្ត្រីការបរទេសអាមេរិក នៅឡើយទេ៕