ប្រមុខការទូតកម្ពុជា បានដឹកនាំគណៈប្រតិភូ ទៅប្រទេសកូរ៉េខាងត្បូង ដើម្បីបំពេញទស្សនកិច្ចផ្លូវការ ២ថ្ងៃ

(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិកម្ពុជា នៅយប់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ បានដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សន កិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េ (ប្រទេសកូរ៉េខាងត្បូង) ចំនួន ២ថ្ងៃ ចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១។ ការបំពេញទស្សនកិច្ចផ្លូវការ ធ្វើឡើងតបតាមការអញ្ជើញរបស់ លោក ឆុង អើយយ៉ុង (Chung Eui-yong) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋកូរ៉េ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ដែល ទទួលបាន គឺបញ្ជាក់ថា ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន នឹងជួបពិភាក្សាផ្លូវការជាមួយ លោក ឆុង អើយយ៉ុង ដែលនៅក្នុងឱកាសនោះ បញ្ហានានានៃកិច្ច សហប្រតិបត្តិការទ្វេភាគី រួមមាន នយោបាយ និងការពារជាតិ ការអភិវឌ្ឍ សេដ្ឋកិច្ច វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នឹងត្រូវបានលើកយកមកពិភាក្សា សំដៅពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ ទំនងដែលល្អស្រាប់រវាងប្រទេសទាំងពីរ។ បញ្ហាតំបន់ និងអន្តរជាតិ ដែលជាការចាប់អារម្មណ៍រួម ក៏នឹងត្រូវបានលើកយកមកពិភាក្សាផ្លាស់ប្តូរ យោបល់គ្នាផងដែរ។

ជាមួយគ្នានេះ នៅរសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងលោក ឆុង អើយយ៉ុង នឹងអញ្ជើញធ្វើជាសហប្រធាន នៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសមេគង្គ-សាធារណរដ្ឋកូរ៉េ លើកទី១១ ដោយផ្ទាល់។ ដោយឡែក រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសមេគង្គផ្សេងទៀត រួម មានឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក៏នឹងអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនេះ តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំនេះ នឹងធ្វើកាពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ, យន្តការដែលបានកំណត់នៅក្នុងផែនការសកម្មភាព (២០២១-២០២៥), ការចូលរួមចំណែករបស់ វិស័យឯកជន និងទិសដៅនាពេលអនាគតនៃយន្តការនេះ។

រដ្ឋមន្ត្រីការបរទេសមេគង្គ- សាធារណរដ្ឋកូរ៉េ ក៏នឹងចែករំលែកនូវទស្សនៈនានា ពាក់ព័ន្ធនឹងបញ្ហាក្នុង តំបន់និងសកលរួមមានការប្តេជ្ញារួមក្នុងការដោះស្រាយវិបត្តិគំរាមកំហែងសុខភាពសាធារណៈជាសកល ដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩ ជាដើម៕