ក្រសួងពាណិជ្ជកម្មជូនដំណឹងពីការរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្ម លើវិស័យឧស្សាហកម្មម្ហូបអាហារនៅអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើតនៅហុងគ្រី

ភ្នំពេញៈ នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងពាណិជ្ជកម្ម បានជូនដំណឹង អំពីការរៀបចំព្រឹត្តិ ការណ៍ពាណិជ្ជកម្ម ដ៏សំខាន់ នៅអឺរ៉ុបកណ្តាល និងអឺរ៉ុបខាងកើត លើវិស័យឧស្សាហកម្មម្ហូបអាហារ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២-២៤ ខែមីនា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលតាំងពិព័រណ៍ និងសន្និសីទ HUNGEXPO ទីក្រុងប៊ុយដាប៉េស ប្រទេសហុងគ្រី។

ប្រភពដដែលបានបន្តថា កម្មវិធីនេះ គឺជាព្រឹត្តិការណ៍ពាណិជ្ជកម្មនៃឧស្សាហកម្មម្ហូបអាហារដ៏សំខាន់នៅក្នុងតំបន់អឺរ៉ុប និងធ្លាប់រៀបចំឡើងទទួលបានជោគជ័យចាប់តាំងពីឆ្នាំ២០១៤ កន្លងមក ដោយមានអ្នកចូលរួមដែលមានវិជ្ជាជីវៈផ្នែកម្ហូបអាហារចំនួន ២៤.០០០ ក្រុមហ៊ុនមកពី ៤៤ប្រទេស។

សម្រាប់ឆ្នាំ២០២២ខាងមុខ ព្រឹត្តិការណ៍នេះនឹងរៀបចំឡើងតាមទម្រង់កូនកាត់(Hybrid) ដោយ មានការចូលរួមដោយផ្ទាល់ និងការចូលរួមតាំងបង្ហាញផលិតផលអនឡាញ និងមានការរៀបចំព្រឹត្តិការណ៍អម ដូចជា ជំនួបពាណិជ្ជកម្មតាមរយៈការចូលរួមដោយផ្ទាល់ និងចូលរួមតាមរយៈអនឡាញផងដែរ។

ដំណឹងនេះចាត់ទុកជាការអញ្ជើញ លោកឧកញ៉ា លោក ធុរជនក្នុងឧស្សាហកម្មម្ហូបអាហារនៅកម្ពុជាដែលមានចំណាប់អារម្មណ៍ចង់ចូលរួមដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម និង/ឬ មានបំណងសិក្សាស្វែងយល់ពីទីផ្សារម្ហូបអាហារនៅអឺរ៉ុបកណ្តាល អាចស្វែងរកព័ត៌មានបន្ថែមដោយចូលក្នុងគេហទំព័រ http://sirha-budapest.com/en/ ៕