ឯកឧត្តម ហ៊ុន ម៉ានី កោតសរសើរអាវុធហត្ថរាជធានីភ្នំពេញ ដែលតែងស្របតាមបរិបថសង្គម ពិសេសប្រតិបត្តិការចាប់អ្នកកើតជំងឺកូវីដ១៩ ដែលរត់ចេញពីកន្លែងព្យាបាល

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាជាតិ និងជាប្រធាន សហភាព សហព័ន្ធយុវជនកម្ពុជា រួមជាមួយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាអនុប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ព្រមទាំងសហការី នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២១ បានអញ្ជើញ សួរសុខទុក្ខកងកម្លាំង និងប្រគល់អំណោយ ជូនដល់អាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ប្រើប្រាស់ជា ប្រយោជន៍រួមក្នុងអង្គភាព។

ទន្ទឹមជាមួយការទទួលស្វាគមន៍យ៉ាងកក់ក្តៅក្នុងនាមជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជំនួសមុខឲ្យកងកម្លាំងកងរាជអាវុធហត្ថ ក្រោមឱវាទទាំងអស់ ឯកឧត្តមឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងនូវសេចក្តីសោមនស្សរីករាយជាអនេក ដែលទទួលបានកិត្តិយសដ៏ឧត្តុង្គឧត្តម ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី, លោក សាយ សំអាល់ ព្រមទាំងសហការីទាំងអស់ ដែលបាន ចំណាយពេលវេលាដ៏មានតម្លៃ អញ្ជើញចុះមកសួរសុខទុក្ខ ដល់កងកម្លាំងកងរាជអាវុធហត្ថរាជ ធានីភ្នំពេញផ្ទាល់។

បន្ថែមពីនេះ ក៏បាននាំយកមកនូវអំណោយ ជាសម្ភារៈ ថវិកា គ្រឿងឧបភោគបរិភោគ និងភេសជ្ជៈ ជាច្រើនមុខ រួមមាន អង្ករចំនួន ១២តោនកន្លះ, ត្រីខកំប៉ុង ១៣៧កេស, អាវភ្លៀង៨០០អាវ, កូកាកូឡា២០០កេស, ទឹកថ្នាំសម្លាប់ មេរោគ០២ធុងធំ, វីតាមីនសេ ០៥កេស និងថវិកា៣,០០០ ដុល្លារ ផ្តល់ជូនដល់កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ផងដែរ។ នេះពុំមែនជាលើកទី១ទេ កន្លងអាវុធហត្ថរាជធានីភ្នំពេញ តែងបានទទួលការយកចិត្តទុកដាក់ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី និងស្រី ព្រមទាំងក្រុមការងារ សហភាពសហព័ន្ធយុវជនកម្ពុជា ជាច្រើនលើកច្រើនសារមកហើយ។

ថ្លែងក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា វត្តមានរបស់ឯកឧត្តម និងសហការីក្នុង ថ្ងៃនេះ គឺចេញមកពីការចង់ចូលរួមមួយផ្នែកណាមួយ ដល់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុង ប្រតិបត្តិការតាមរយៈការឧបត្ថម្ភជាស្បៀងមួយចំនួនផ្គត់ផ្គង់ដល់ការប្រើប្រាស់ និងចង់បង្ហាញពី ការថ្លែងអំណរគុណ ជូនទៅដល់កងកម្លាំង នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងតាមបណ្តា ខណ្ឌនីមួយៗ ចំពោះការលះបង់ និងការខំប្រឹងប្រែង ដោយមិនមានពេលវេលាសម្រាប់ ក្រុមគ្រួសារ របស់ខ្លួន មិនថាក្នុងដំណាក់កាលមុនកូវីដ-១៩ ឬក្នុងអំឡុងកូវីដ-១៩ និង ឆ្ពោះទៅខាងមុខ ក្នុង បរិបទក្រោយកូវីដ-១៩ ដែលត្រូវរៀនរស់ជាមួយកូវីដ-១៩។

ជាពិសេសឯកឧត្តម ហ៊ុន ម៉ានី បានកោតសរសើរនូវការទប់ស្កាត់ ការចលាចលនៅក្នុងចន្លោះឆ្នាំ ២០១៣ និង២០១៤, ការចូលរួមការពារ និងថែររក្សាសុខសន្តិភាព ស្ថេរភាពសង្គម ការពារសន្តិ សុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ និងការកសាងអភិវឌ្ឍន៍រៀបចំហេដ្ឋារចនាសម្ព័ន្ធគ្រប់ជ្រុង ជ្រោយទៅតាមកាលៈទេសៈតម្រូវ នៅក្នុងអង្គភាព ក៏ដូចជាការរៀបចំរបៀបរបបរស់នៅ និងអនុវត្ត ការងារជាទម្លាប់ថ្មី ដើម្បីធានាថាមិនឆ្លងជំងឺកូវីដ-១៩ ស្របតាមគោលការណ៍ជាក់ស្តែង និងគោល ការណ៍ របស់ក្រសួងសុខាភិបាល៕