សមត្ថកិច្ច ឃាត់ខ្លួនបុរស-ស្ត្រីជនជាតិខ្មែរ០៣នាក់ តាមបណ្តឹងរបស់ជនជាតិចិនថាបាត់ទូដែក មានលុយ១១ម៉ឺនដុល្លាអាមេរិក និងនាឡិកាដៃមួយគ្រឿង

ព្រះសីហនុៈ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ម្សិលមិញនេះ ថា នគរបាលជំនាញបានធ្វើការស្រាវជ្រាវ និងឈានដល់ឃាត់ខ្លួន ជនសង្ស័យប្រុស-ស្រី ចំនួន ០៣ នាក់ ក្នុងករណីចោរកម្ម (លួចទូរដែក) ដែលប្រព្រឹត្ត នៅកាស៊ីណូ និងសណ្ឋាគារ ឆាង ឆឹង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ តាមពាក្យបណ្តឹង របស់ជនរងគ្រោះ ដែលជាជនជាតិចិន កាលពីថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២១ ។

របាយការណ៍បញ្ជាក់ថានៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ១២ និង ៣០នាទី មានបុរសជនជាតិចិនម្នាក់ បានមកដាក់ពាក្យបណ្តឹងថា កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ វេលាម៉ោង ០៣ និង ០០នាទី ទៀបភ្លឺ មានចោរបានលួចចូលទៅក្នុងបន្ទប់លេខ ៨៧២០ នៃកាស៊ីណូ ឆាងឆឹង ស្ថិតនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ហើយធ្វើសកម្មភាពលួចទូរដែក ០១គ្រឿង គេចខ្លួនបាត់ ដោយនៅក្នុងទូរដែកនោះមានលុយ ១១០.០០០$ (ដប់មួយម៉ឺនដុល្លារអាមេរិក) និងនាឡិកាដៃ ០១គ្រឿង ។

បន្ទាប់ពីទទួលបានពាក្យបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌ បានធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតដល់វេលាម៉ោង ២០ និង ០០នាទី ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២១ ទើបធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ០៣នាក់ ស្រី០២នាក់ ។

បច្ចុប្បន្នជនសង្ស័យ ការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល កំពុងធ្វើការសាកសួរតាមនិតិវិធី នៅឡើយ៕