លោកពូទីន និងលោក ស៊ី ព្រមព្រៀងគ្នាថានឹងរួមគ្នាប្រយុទ្ធនឹងការគំរាមអាហ្វហ្គានីស្ថាន

មូស្គូ៖ប្រធានាធិបតី រុស្ស៊ីលោកវ្ល៉ាឌីមៀ ពូទីន និងសមភាគីចិន ស៊ី ជីនភីង បានព្រមព្រៀងគ្នាថាប្រទេសរបស់លោកនឹងបង្កើនកិច្ចខិតខំដើម្បីទប់ទល់នឹងការ”គំរាម” ចេញមកពីអាហ្វហ្គានីស្ថានក្រោយក្រុមតាលីបង់ចូលកាន់អំណាចក្នុងប្រទេសនេះ។

វិមានក្រឹមឡាំងបាននិយាយកាលពីថ្ងៃ២៥សីហាថា ក្នុងការសន្ទនាតាមទូរស័ព្ទមេដឹកនាំទាំង២បាន«សម្តែងការត្រៀមខ្លួនរបស់គេទល់នឹងការគំរាមភេរវកម្មនិងបទល្មើសថ្នាំញៀនមកពីខាងអាហ្វហ្គានីស្ថាន។

ពួកលោកក៏បាននិយាយអំពីសារសំខាន់នៃការបង្កើតសន្តិភាពនៅអាហ្វហ្គានីស្ថាន និងរារាំងការរីករាលដាលអស្ថិរភាពទៅកាន់អនុតំបន់»។

សូមបញ្ជាក់ថាអតីតសាធារណរដ្ឋសូវៀតជាច្រើននៅអាស៊ីកណ្តាល កន្លែងដែលរុស្ស៊ីមានមូលដ្ឋានយោធា មានព្រំប្រទល់ជាប់អាហ្វហ្គានីស្ថាននិងចិន។នៅពេលរដ្ឋាភិបាលក្រុងមូស្គូ មានសុទិដ្ឋិនិយមប្រយ័ត្នប្រយែងអំពីក្រុមមេដឹកនាំថ្មីនៅក្រុងកាប៊ុល លោកពូទីនបានព្រមានអំពីពួកសកម្មប្រយុទ្ធអាហ្វហ្គានីស្ថានដែលចូលមកក្នុងប្រទេសក្បែរខាងក្នុងនាមជាជនភៀសខ្លួន។

លោកពូទីន ក៏បានរិះគន់ការចូលពាក់ព័ន្ធរបស់មហាអំណាចខាងក្រៅចូលក្នុងកិច្ចការផ្ទៃក្នងអាហ្វហ្គានីស្ថាននិងបាននិយាយថា រដ្ឋាភិបាលក្រុងមូស្គូបាន«រៀនមេរៀន»មកពីការឈ្លានពានកាន់កាប់អស់ពេល១ទសវត្សរ៍របស់សូវៀតនៅក្នុងប្រទេសអាស៊ីខាងត្បូងនេះ៕