NATO ជំរុញឲ្យការជម្លៀសមនុស្សចេញពីកាប៊ុល ធ្វើឡើងលើសពីកាលបរិច្ឆេទ កំណត់ដោយអាមេរិក

(ព្រុចស៊ែល)៖ បណ្ដាប្រទេសជាសមាជិកអង្គការ NATO នៅថ្ងៃសុក្រសប្ដាហ៍នេះ បានអំពាវនាវឱ្យ បន្តប្រតិបត្តិការជម្លៀសមនុស្សចេញពីទីក្រុងកាប៊ុល លើសពីកាលបរិច្ឆេទថ្ងៃទី៣១ ខែសីហា ដែល កំណត់ដោយសហរដ្ឋអាមេរិក ពីព្រោះមនុស្សជាច្រើនដែលកំពុងស្វែងរក ទីកន្លែងមានសុវត្ថិភាព នោះ កំពុងបន្តជាប់គាំងខាងក្រៅអាកាសយាដ្ឋាននៅឡើយ។ នេះបើតាមការចេញផ្សាយ ដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសៅរ៍ ទី២១ ខែសីហា ឆ្នាំ២០២១។

អគ្គលេខាធិការអង្គការ NATO លោក ជែនស៍ ស្តូលធិនប៊ឺក (Jens Stoltenberg) បានហៅស្ថាន ភាពនៅខាងក្រៅ អាកាសយានដ្ឋានរដ្ឋធានីកាប៊ុលបច្ចុប្បន្នថា «គួរឱ្យរន្ធត់ និងលំបាកជាទីបំផុត» ដូច្នេះហើយទើបលោកអះអាងថា ការបន្តការជម្លៀសមនុស្ស គឺជារឿងចាំបាច់ត្រូវធ្វើបន្ទាន់។

លោក Stoltenberg បានបញ្ជាក់ក្រោយចូលរួមកិច្ចប្រជុំបន្ទាន់ នៃរដ្ឋមន្ត្រីការបរទេស NATO យ៉ាងដូច្នេះ ថា «សហរដ្ឋអាមេរិកបានកំណត់កាលបរិច្ឆេទត្រឹមថ្ងៃទី៣១ ខែសីហា… ប៉ុន្តែសម្ព័ន្ធមិត្តរបស់យើង ជាច្រើន ចង់ឱ្យបន្តប្រតិបត្តិការជម្លៀសរហូតទាល់តែយក មនុស្សចេញឱ្យបានច្រើនចេញពីកាប៊ុល»។

ដោយឡែក ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏ធ្លាប់បានលើកឡើងដែរថា កងទ័ពអាមេរិកនឹង បន្តស្ថិតនៅក្នុងរដ្ឋធានីកាប៊ុល រហូតទាល់តែពលរដ្ឋអាមេរិកទាំងអស់ ត្រូវបានជម្លៀសចេញ ហើយ បើតាម NATO មនុស្សច្រើនជាង ១៨,០០០នាក់ហើយបានចាកចេញពីកាប៊ុល ចាប់តាំងពីតាលីបង់ ដណ្ដើមកាន់កាប់រដ្ឋធានីមួយនេះ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុន៕