(ភ្នំពេញ)៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២១នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់សភាកម្ពុជា ចូលរួមមហាសន្និបាតប្រចាំឆ្នាំលើកទី៤២ អន្តរសភាអាស៊ាន ដែលហៅកាត់ថា (AIPA) ដែលធ្វេីឡេីងតាមប្រព័ន្ធវីដេអូ ដែលមានសភាប្រទេសព្រុយណេដារូស្សាឡាមធ្វើជាម្ចាស់ផ្ទះ។
មហាសន្និបាតអន្តរសភាអាស៊ានឆ្នាំនេះ ប្រារព្ធធ្វើឡើងក្រោមមូលបទ «ជំរុញកិច្ចសហប្រតិបត្តិការ សភាលើបរិយាប័ន្នឌីជីថល ឆ្ពោះទៅសហគមន៍អាស៊ានឆ្នាំ២០២៥» ។
ពិធីបើកមហាសន្និបាត ប្រារព្ធធ្វើឡើងក្រោមអធិបតីភាពថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ នីតិប្រតិបត្តិប្រទេសព្រុយណេដារូស្សាឡាម និងបានភ្ជាប់ទៅបណ្តាសភាសមាជិកអាយប៉ាយទំាង១០ គណៈប្រតិភូប្រទេសដែលជាដៃគូសន្ទនា និងគណៈប្រតិភូប្រទេសសង្កេតការណ៍មួយចំនួនទៀត បានចូលរួមផងដែរ ។
ដោយសារការរាតត្បាតជំងឺកូវីដ១៩ ជាសកលពីរឆ្នាំហើយ ដែលស្ថាប័នសភាអាស៊ាននេះ បានរៀបចំមហាសន្និបាតរបស់ខ្លួនតាមប្រព័ន្ធវីដេអូ។ អន្តរសភាអាស៊ានជាអង្គការអន្តរសភា តំណាងស្ថាប័ននីតិប្បញ្ញត្តិ នៃបណ្តាប្រទេសជាសមាជិក សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (ASEAN) ដែលមាន ប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម ជាសមាជិក។ អង្គការសភាមួយនេះ ជាការប្រមូលផ្ដុំសំឡេងប្រជាពលរដ្ឋក្នុងសហគមន៍អាស៊ាន ជាដៃគូរបស់អាស៊ាន ក្នុងការជំរុញឱ្យសម្រេចបាននូវគោលដៅសហគមន៍អាស៊ានតែមួយ។
មហាសន្និបាតអន្តរសភាអាស៊ានលើកទី៤២ ដែលប្រទេសព្រុយណេដារូស្សាឡាម ធ្វើជាម្ចាស់ផ្ទះពេលនេះ ប្រារព្ធធ្វើចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។
មហាសន្និបាតអន្តរសភាអាស៊ាន បានប្រារព្ធ ធ្វើជារៀងរាល់ឆ្នាំ ដោយប្រទេសជាសមាជិកតាមវេននៃលំដាប់អក្ខរក្រម នៃឈ្មោះប្រទេសតាមអក្សរឡាតំាង។ សភានៃព្រះរាជាណាចក្រកម្ពុជា នឹងក្លាយជាប្រធានអាយប៉ាលើកទី៤៣ នៅឆ្នាំ២០២២ ខាងមុខនេះ។
បន្ទាប់ពីអញ្ជើញចូលរួមពិធីបើកមហាសន្និបាតជាផ្លូវការ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក៏នឹងអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការប្រតិបត្តិអាយប៉ា ដើម្បីអនុម័តកម្មវិធី របៀបវារៈមហាសន្និបាត និងការងារផ្ទៃក្នុងអាយប៉ាផ្សេងៗទៀត ផងដែរ និងក្រោយមកទៀត សម្តេចប្រធានរដ្ឋសភា នឹងអញ្ជើញថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាត ជាមួយប្រធានគណៈប្រតិភូសមាជិកអាយប៉ាទំាង១០ផងដែរ៕