(ភ្នំពេញ)៖ លោកស្រីវេជ្ជបណ្ឌិត Li Ailan ប្រធានអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា បានថ្លែង ថា អ្វីដែលជាការបារម្ភនៅពេលនេះ គឺការចរាចរនៃមេរោគកូវីដ១៩បប្លែងថ្មីនៅកម្ពុជា ដែលតម្រូវឱ្យ ប្រជាពលរដ្ឋទាំងអស់ ត្រូវតែបន្ដអនុវត្ដនូវវិធានសុខាភិបាល ដែលហៅថា អនុវត្ដវិធានការអន្ដរគមន៍ មិនមែនឱសថ ឱ្យបានគ្រប់ៗគ្នា ដើម្បីចៀសផុតពីការរាតត្បាតធ្ងន់ធ្ងរនៅក្នុងសហគមន៍។
លោកស្រីវេជ្ជបណ្ឌិត Li Ailan ថ្លែងបន្ដថា «ខណៈនេះសូមប្រជាពលរដ្ឋ កុំបន្ថូរបន្ថយការអនុវត្ដនូវ វិធានការពារកូវីដ១៩ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលកម្ពុជា ៣ការពារ ៣កុំ ព្រោះ ពេលនេះមិនមែនជាពេលវេលាដែលត្រូវបន្ថូរបន្ថយការអនុវត្ដលឿនពេកទេ ខណៈដែលមេរោគបប្លែងថ្មី Delta នេះតែចរាចរនៅកម្ពុជា ដូច្នេះនេះជាពេលដែលយើងត្រូវចូល រួមគ្នាឱ្យបានពេញលេញ ដោយសា្មរតីទទួលខុសត្រូវខ្ពស់ កុំឱ្យមានការផ្ទុះឡើងវិញលក្ខណៈទ្រង់ ទ្រាធំ»។
ការថ្លែងបែបនេះ របស់លោកស្រី ក្នុងឱកាសរួមដំណើរជាមួយលោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ នាំយកអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ជាថវិកា៣លានរៀល និង គ្រឿងឧបភោគបរិភោគមួយចំនួនទៀត ជូនលោកតាលោកយាយចំនួន៣រូប ដែលស្ម័គ្រចិត្តចាក់វ៉ាក់ សាំងបង្ការជំងឺកូវីដ-១៩ រស់នៅខេត្តរតនគីរី នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១នេះ។
លោកស្រី លី អាយឡាន បន្ថែមថា ជាការពិតទៅយើងមានការព្រួយបារម្ដចំពោះមេរោគបប្លែងថ្មី Delta ដែលមានកម្រិតឆ្លងខ្លាំង ហើយកំពុងតែចរាចរនៅកម្ពុជា នៅក្នុងសហគមន៍តាមរយៈការនាំ ចូលពីពលករមកពីក្រៅប្រទេស។ ដូច្នេះហើយត្រូវដាក់ចេញនូវសកម្មភាពឱ្យបានមុនពេលបន្ដឆ្លងលឿន និងការឆ្លើយតបប្រកបដោយ ប្រសិទ្ធភាព។
វាជាដំណឹងមិនល្អនោះដែលយើងចង់បាន ប៉ុន្ដែអ្វីជាដំណឹងល្អនោះ គឺយើងមានឧបករណ៍ជាច្រើន និងមានប្រសិទ្ធភាពចំពោះការឆ្លើយតបការរីករាលដាលនៃជំងឺកូវីដ១៩។
លោកស្រីវេជ្ជបណ្ឌិត Li Ailan គូសបញ្ជាក់ថា «ពីរចំនុចដែលសំខាន់ការឆ្លើយតបនឹងមេរោគកូវីដ១៩ គឺការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ និងការអនុវត្ដវិធានការអន្ដរគមន៍មិនមែនឱសថ ដែលយើងត្រូវ ធ្វើឱ្យបានពេញលេញ និងមានប្រសិទ្ធភាព។
សម្រាប់ដំណើរចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ខ្ញុំ សង្កេតឃើញថា រាជរដ្ឋាភិបាលកម្ពុជា គ្រប់ធ្វើបានយ៉ាងល្អណាស់ លឿន និងមានប្រសិទ្ធភាព ត្បិត តែមានរាតត្បាតជំងឺកូវីដ១៩ នៅក្នុងសហគមន៍ និងមានប្រភេទបប្លែងថ្មី Delta ក៏ដោយ ប៉ុន្ដែយើងឃើញថាការឆ្លងនេះ មិនបានធ្វើឱ្យអ្នកជំងឺមានសភាពធ្ងន់ធ្ងរ ដែលកាត់បន្ថយការឈឺធ្ងន់ ការសម្រាក ពេទ្យ និងអត្រាស្លាប់ផងដែរ»។
ទោះជាយ៉ាងណា លោកស្រីបានអំពាវនាវប្រជាពលរដ្ឋ ពិសេសយុវវ័យ ដែលធ្វើដំណើរ និងមានការ ជួបជុំច្រើន ដែលអាចឆ្លង និងចម្លងជំងឺកូវីដ១៩ នៅដល់ក្រុមគ្រួសារ និងសហគមន៍។ លើសពីនោះអាជីវកម្មទាំងអស់ សូមមេត្ដាអនុវត្ដ និងដាក់ចេញនូវវិធានការកាត់បន្ថយហានិភ័យ មុនពេលចាប់ផ្ដើមពេញលេញ ដើម្បីចៀសផុតពីការចម្លងមេរោគបប្លែងថ្មី បើឆ្លងក៏មានករណីឆ្លង តិចបំផុត៕