រមណីយដ្ឋានទេសចរណ៍ខេត្តព្រះវិហារទទួលបានទេសចរជិត៥ម៉ឺននាក់ក្នុងអំឡុងបុណ្យភ្ជុំបិណ្ឌ

ព្រះវិហារ ៖ ក្នុងរយៈពេល បី ថ្ងៃ (ចាប់ពីថ្ងៃ២៧-២៩ ខែកញ្ញា) នៃពិ ធីបុណ្យភ្ជុំបិណ្ឌនៅឆ្នាំ២០១៩នេះ ខេត្តព្រះវិហារទាំងមូលទទួលបានភ្ញៀវទេសចរចំនួន ៤៩៦៩២នាក់ កើនឡើង ៧៤.៨៦ភាគរយ ខណៈឆ្នាំ២០១៨ មានចំនួន ២៨៤១៨នាក់ ។នេះបើតាមរបាយការណ៍ការបញ្ជាក់ពីលោក គង់ វិបុល ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះវិហារ បង្ហាញឲ្យដឹងនារសៀលថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៩នេះ។

ក្នុងរបាយការណ៍បានបង្ហាញទៀតថា ភ្ញៀវទេសចរក្នុងស្រុក មានចំនួន ៤៩២៨០នាក់ កើនឡើង ៧៨.៧៣% បើធៀបឆ្នាំ២០១៨ មានចំនួន ២៧៥៧២នាក់ រីឯភ្ញៀវទេសចរអន្ដរជាតិ មានចំនួន ៤១២នាក់ ថយចុះចំនួន ៥១.៣០% ខណៈឆ្នាំ២០១៨ មានចំនួន៨៤៦នាក់។

ក្នុងនោះភ្ញៀវទាំងនេះ បានមកទស្សនានូវទីតាំងចំនួន៩ ក្នុងខេត្ត រួមមាន៖ ប្រាសាទព្រះវិហារ, ប្រាសាទកោះកែរ, ប្រាសាទព្រះខ័នកំពង់ស្វាយ, ទឹកធ្លាក់ព្រះនិម្មិត, ទឹកធ្លាក់បុស្សស្បូវ, ទឹកធ្លាក់លើខ្នងភ្នំត្បែង (ទឹកធ្លាកតាំងយូ, ទឹកធ្លាក់តាម៉ា), សហគមអូទ្រលោក និងសហគមន៏ទំនប់៩៥ រួមនិងទីតាំងផ្សេងៗទៀតនៅក្នុងខេត្ត៕