មនុស្ស៣១នាក់ ត្រូវបានឃាត់ខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅថ្ងៃទី១៩ ខែសីហា ម្សិលមិញ

(ភ្នំពេញ)៖ តាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួង មហាផ្ទៃ ប្រាប់ដល់ឱ្យដឹងនៅព្រឹកថ្ងៃទី២០ ខែសីហានេះគឺយ៉ាងហោចណាស់មានជនសង្ស័យ៣១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងបទល្មើស ព្រហ្មទណ្ឌ និងបទល្មើសគ្រឿងញៀន នៅទូទាំងប្រទេស កម្ពុជា នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១ ម្សិលមិញនេះ។

នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បាន បញ្ជាក់បន្ថែមថា ក្នុងចំណោមជនសង្ស័យទាំង៣១នាក់នោះ មាន ១៣នាក់ ត្រូវបានឃាត់ខ្លួននៅក្នុង បទល្មើសព្រហ្មទណ្ឌ១១ករណី និងជនសង្ស័យ ១៨នាក់ ត្រូវបានឃាត់ខ្លួន ក្នុងបទល្មើសគ្រឿង ញៀន០៩ករណី។

អ្នកនាំពាក្យក្រសួងមហាផ្ទៃបានកោតសរសើរនិងថ្លែងអំណរគុណចំពោះកងកម្លាំងសមត្ថកិច្ចទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចបង្ក្រាបបទល្មើស និងបម្រើប្រជាពលរដ្ឋ។

ជាមួយគ្នានេះ ឯកឧត្តមបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់អនុវត្តនូវពាក្យស្លោក «៣កុំ ១រាយ ការណ៍» ដែលមានន័យថា «កុំពាក់ព័ន្ធ កុំអន្តរាគមន៍ កុំលើកលែងក្នុងបទល្មើសនានា និងជួយរាយ ការណ៍ពីបទល្មើសគ្រឿងញៀន និងបទល្មើសផ្សេងៗទៀត» ដែលកើតមាននៅមូលដ្ឋានរបស់ខ្លួន ជូនដល់សមត្ថកិច្ច៕