ប្រទេសរុស្ស៊ីផាកពិន័យក្រុមហ៊ុន Google ចំពោះការមិនលុបមាតិកាហាមឃាត់ និងបង្ខំឱ្យបើកការិយាល័យនៅក្នុងប្រទេសខ្លួន

(មូស្គូ)៖ តុលាការក្រុងមូស្គូនៅថ្ងៃអង្គារម្សិលមិញនេះ បានចេញសេចក្ដីសម្រេចដោយដាក់ពិន័យលើ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ អាមេរិក Google នូវទឹកប្រាក់ ១៤លានរូពី (ប្រហែលជាង ១៩ម៉ឺន ដុល្លារអាមេរិក) ពីបទរំលោភលើច្បាប់ប្រទេសរុស្ស៊ី ដែលនេះជាការដាក់ទណ្ឌកម្ម ថ្មីមួយទៀតពី សំណាក់រដ្ឋាភិបាលរុស្ស៊ី ជាមួយនឹងក្រុមហ៊ុន Big Tech។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុន Google មិនបានធ្វើតាម សំណើរបស់តុលាការក្នុងការលុបចោលមាតិកា ដែលត្រូវបានហាមឃាត់នៅក្នុងប្រទេសរុស្ស៊ី និងបានបង្ខំឱ្យ ក្រុមហ៊ុន បច្ចេក វិទ្យបរទេសបើក ការិយាល័យរបស់ខ្លួននៅក្នុងប្រទេសរុស្ស៊ីថែមទៀតផង។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Google បានបញ្ជាក់ថា ពិតជាទទួលបានការផាកពិន័យពីសំណាក់ តុលាការរុស្ស៊ីពិតមែន ប៉ុន្តែមិនបានបញ្ជាក់ លម្អិត ឬពន្យល់បន្ថែមនោះទេ។

ជាមួយគ្នានេះផងដែរ តុលាការរុស្ស៊ី ក៏បានស្នើឱ្យ Google ធ្វើការត្រួតពិនិត្យ និងលុបចោលមាតិកា ដែលត្រូវបានហាមឃាត់នៅក្នុងប្រទេស រុស្ស៊ីដូចគ្នា។

គួរបញ្ជាក់ផងដែរថា នៅមុននេះ រុស្ស៊ីក៏បានផាកពិន័យក្រុមហ៊ុន Big Tech របស់អាមេរិកជា ច្រើនដូចជា Facebook, Twitter និង WhatsApp ជាដើម ពាក់ព័ន្ធនឹងការមិនព្រមលុបចោល មាតិកាដែលត្រូវបានហាមឃាត់ ដែលសកម្មភាពនេះគឺបានរំលោភច្បាប់ របស់ ប្រទេសរុស្ស៊ី៕