សភាជាន់ទាបប្រេស៊ីលកាលពីថ្ងៃអង្គារបានបោះឆ្នោតបដិសេធផែនការមួយរបស់ប្រធានាធិបតីស្តាំនិយម ហ្ស៊ែរ បុលសូណារ៉ូដើម្បីដូរប្រព័ន្ធបោះឆ្នោតរបស់ប្រទេស ទោះជារដ្ឋាភិបាលបង្ហាញកម្លាំងយោធាមិនធម្មតានៅក្នុងរដ្ឋធានីក្តី។ពួកអ្នកនយោបាយបានហៅការបង្ហាញក្បួនរថក្រោះ រថពាសដែក និងយានយន្តយោធានៅប៉ុន្មានម៉ោងមុនសភាបោះឆ្នោតលើវិសោធនកម្មរដ្ឋធម្មនុញ្ញដែលស្នើឡើងដោយលោកបុលសូណារ៉ូនេះថាជាទំរង់នៃការបំភិតបំភ័យមួយ។
សភាជាន់ទាបប្រេស៊ីល បានបោះឆ្នោតបដិសេធសំណើនេះ ជាមួយនឹងសម្លេងគាំទ្រ ២២៩ ប្រឆាំង២១៨ និង១អនុប្បវាទ ហើយសមាជិកសភាជាច្រើនរូបអវត្តមាន។
ការបោះឆ្នោតលើវិសោធនកម្មរដ្ឋធម្មនុញ្ញណាមួយទាមទារសម្លេងគាំទ្រ៣ភា៥ ដូច្នេះការបោះឆ្នោតកាលពីថ្ងៃអង្គារខ្វះ៧៩សម្លេងទៀតដើម្បីអនុម័តការកែប្រែច្បាប់កំពូលរបស់ប្រទេស។
ទោះជាមានការចោទប្រកាន់ពីក្រុមនយោបាយប្រឆាំង ក៏កងទ័ពជើងទឹកបាននិយាយថា ការដង្ហែក្បួនយោធានេះត្រូវបានរៀបចំទុកជាយូរមកហើយនិងខ្លួនថែមទាំងបានអញ្ជើញប្រធានាធិបតីអោយចូលរួមទៀតផង។
សូមបញ្ជាក់ថា នៅពេលប្រជាប្រិយភាពធ្លាក់ចុះចំពេលប្រទេសផ្ទុះជំងឺកូវីដ១៩រលកទី២ដ៏ផ្តាច់ផ្តិលជីវិតមនុស្សបំផុត លោកបុលសូណារ៉ូបានស្នើសុំអោយប្រើសន្លឹកឆ្នោតជាក្រដាសវិញជំនួសអោយប្រព័ន្ធបោះឆ្នោតអេឡិចត្រូនិចក្នុងការបោះឆ្នោតឆ្នាំ២០២២ ដោយលើកហេតុផលអំពីការលួចបន្លំ។លោកបានគំរាមមិនទទួលស្គាល់លទ្ធផលបោះឆ្នោតប្រធានាធិបតីនៅឆ្នាំក្រោយ ដែលការស្ទង់មតិបង្ហាញថាលោកចាញ់ គូប្រជែងឆ្វេងនិយម គឺអតីតប្រធានាធិបតី ល្វី អ៊ីណាស្យូ លូឡា ដា ស៊ីលវ៉ា៕