(ស៉ីដនី)៖ យោងតាមការចេញផ្សាយដោយ សារពត៌មានអូស្រ្តាលី ABC News នៅថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១ គឺបានបញ្ជាក់អោយដឹងថាអភិបាលរដ្ឋវិចតូរៀ (Victoria) លោក ដានីញែល អាន់ឌ្រូ (Daniel Andrews) នៅថ្ងៃពុធនេះបានប្រកាសថា ទីក្រុងមែលប៊ន (Melbourne) នឹងបន្តអនុវត្តវិធានការបិទខ្ទប់រយៈពេល ០១សប្តាហ៍ទៀត ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ដោយព្រមានថា ប្រសិនបើវិធានការរឹតត្បឹត ត្រូវបានបន្ធូរបន្ថយ នាពេលឥឡូវនេះរដ្ឋ Victoria នឹងអាចមើលឃើញការកើនឡើង នូវករណីឆ្លងយ៉ាងឆាប់រហ័ស ស្រដៀងគ្នាទៅនឹង រដ្ឋញូសោតវែលស៍ (New South Wales) ជាមិនខាន។
លោក Daniel Andrews បាននិយាយថា «នេះគឺជារឿងដែលពិបាកសម្រាប់ប្រជាជនកំពុងរស់នៅរដ្ឋ Victoria ដែលចង់បើកដំណើរការ អាជីវកម្មរបស់ពួកគេឡើងវិញ, ពួកគេចង់បើកដំណើរការឡើងវិញ ជាមួយនឹងការមានសេរីភាពក្នុង កម្រិតមួយ ដែលមិនអាចធ្វើទៅបាន ដោយសារតែការឆ្លងរីករាលដាលនៃវីរុស COVID-19 បំប្លែងថ្មី Delta»។
លោក Daniel Andrews បាននិយាយបន្ថែមថា «ប្រសិនបើរដ្ឋត្រូវបើកដំណើរការឡើងវិញ នាពេល ឥឡូវនេះ វានឹងអាចមើលឃើញការកើនឡើងនូវករណីឆ្លងខ្ពស់នៅក្នុង «ចន្លោះពេលខ្លី»។ ប្រសិនបើ យើងត្រូវបើកដំណើរការឡើងវិញ នោះយើងនឹងឃើញករណីស្រដៀងគ្នានឹង អ្វីដែលកំពុងកើតឡើង គួរឱ្យសោកស្តាយបំផុត នៅទីក្រុងស៉ីដនី នាពេលឥឡូវនេះ»។
រដ្ឋ Victoria បានកត់ត្រានូវករណីឆ្លងជំងឺ COVID-19 ក្នុងសហគមន៍ថ្មីៗចំនួន ២០ករណីបន្ថែម ទៀត ក្នុងចំណោមលទ្ធផលធ្វើតេស្តលើ មនុស្សចំនួន ៤១,៥៧១នាក់ ដែលបានធ្វើឡើង កាលពីថ្ងៃ អង្គារម្សិលមិញនេះ៕