សហគ្រិនកម្ពុជារំពឹងខ្ពស់ពីការធ្វើអាជីវកម្មដោយលែងបារម្ភពីការប្រើប្រាស់ហិរញ្ញវត្ថុ

ភ្នំពេញ៖ ខណៈការធ្វើអាជីវកម្មបែបលក្ខណៈក្រុមហ៊ុននៅបង្កភាពស្មុគស្មាញនៅឡើយខាងផ្នែកហិរញ្ញវត្ថុ ក៏ដូចជាធនធានមនុស្សដោយសារតែការយល់ដឹងនៅមានកម្រិតនោះ ក្រុមសហគ្រិននៅកម្ពុជាបានរំពឹងទុកថា នាពេលខាងមុខការប្រកបអាជីវកម្មនានានឹងលែងជាបញ្ហា ប្រសិនជាមានការបណ្តុះបណ្តាលយ៉ាងត្រឹមត្រូវពីអ្នកជំនាញ។អ្នកនាង យូ បុរី សមាជិកទទួលបន្ទុកគណៈកម្មការសហគ្រិនស្ត្រីវ័យក្មេង នៃសមាគមសហគ្រិនវ័យក្មេងកម្ពុជា និងជាស្ថាបនិកក្រុមហ៊ុន TEDP កាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ម្សិលមិញបានប្រាប់រស្មីកម្ពុជាថា ការបើកដំណើរក្រុមហ៊ុនមួយដ៏ល្អ ត្រូវផ្អែកលើសសរស្តម្ភចំនួនបួន រួមមាន៖ ផ្នែកទីផ្សារ, ផ្នែកប្រតិបត្តិការ, ផ្នែកធនធានមនុស្ស និងផ្នែកបញ្ជីគណនេយ្យហិរញ្ញវត្ថុ។

អ្នកនាងឲ្យដឹងទៀតថា ទាក់ទងសមត្ថភាពការយល់ដឹងរបស់សហគ្រិនស្ត្រី មិនមានច្រើនទេទៅលើក្រុមហ៊ុនស្តង់ដារ យ៉ាងហោចណាស់មានប្រមាណតែ ៥ភាគរយ ក្នុងចំណោមអ្នករកស៊ី ។ មូលហេតុគឺខ្វះខាតចំណេះដឹងក្នុងការគ្រប់គ្រងធនធានមនុស្ស និងចំណេះដឹងទាក់ទងគណនេយ្យហិរញ្ញវត្ថុ…។ អ្នកនាងបន្តថា សព្វថ្ងៃបញ្ហាប្រឈមរបស់សហគ្រិន គឺការប្រាក់នៃកម្ចីពីស្ថាបនហិរញ្ញវត្ថុនៅតែខ្ពស់ ហើយលក្ខខណ្ឌនៅតែតឹង បានន័យថាទាល់តែមានទ្រព្យធានា១០០ភាគរយ ទើបអាចកម្ចីបាន ចំណែកអត្រាការប្រាក់វិញ បើខ្ចីក្រោម ១០ម៉ឺនដុល្លារ ឧបមាថា វិស័យសហគ្រាសធុនតូចនិងមធ្យម (SME) មីក្រូហិរញ្ញវត្ថុមានតិចតួច ក៏មួយឆ្នាំ១២ភាគរយដែរ (ការប្រាក់) ដូច្នេះក្រុមហ៊ុនខ្នាតតូចពិបាកក្នុងការប្រកួតប្រជែងណាស់ ជាមួយនឹងក្រុមហ៊ុនខ្នាតយក្ស។

កាលពីសប្តាហ៍កន្លងទៅ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមសហគ្រិនស្ត្រីកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀង ស្តីពីការលើកកម្ពស់បរិយាបន្នផ្នែកហិរញ្ញវត្ថុ(Financial Inclusion) និងការយល់ដឹងលើការទទួលបានហិរញ្ញប្បទានរបស់សហគ្រិនជាស្ត្រី ដើម្បីរួមចំណែកគាំទ្រដល់ផែនការអភិវឌ្ឍរបស់រដ្ឋាភិបាល ក៏ដូចជាឆ្លើយតបទៅនឹងយុទ្ធសាស្ត្រជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ក្នុងការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ លើកកម្ពស់ផលិតផលឥណទានប្រកបដោយនវានុវត្តន៍។ជាមួយគ្នានេះ លោក ចាន់ សុផាន់ណា ប្រធានការិយាល័យនៃសមាគមសហគ្រិនស្ត្រីកម្ពុជា បានទទួលស្គាល់ថា ជាការពិតចំណេះដឹងសហគ្រិនស្ត្រីមួយចំនួននៅមានកម្រិត ជាពិសេសទាក់ទងនឹងការធ្វើបញ្ជីគណនេយ្យមួយដែលមានភាពជាក់លាក់ និងត្រឹមត្រូវ ព្រមទាំងបញ្ហាផ្សេងៗទៀត។

លោកបានបន្តថា សម្រាប់ខាងសមាគមលោកបច្ចុប្បន្នមានសមាជិកសរុបប្រមាណជិត ១ពាន់នាក់ ហើយកម្រិតការយល់ដឹងរបស់គាត់បានទូលំទូលាយ ទោះបីជាមានកម្រិតក៏ដោយ តែគាត់យល់ដឹងច្រើនជាងមុន។

ទាក់ទងនឹងពិធីចុះអនុស្សរណៈកាលពីកន្លងទៅថ្មីៗនេះ លោកបានឲ្យដឹង កាលពីមុនមិនទាន់ចុះហត្ថលេខា មានភាពពិបាកបន្តិចដែរ ដើម្បីឲ្យសហគ្រិនទាក់ទងដើម្បីស្នើសុំកម្ចីដើម្បីជួយទ្រទ្រង់មុខជំនួញរបស់គាត់ ដល់ពេលសមាគមបំផុសគំនិតមួយ ដើម្បីជួយដល់សហគ្រិនស្ត្រីដើម្បីឲ្យបានទុនពីខាងស្ថាបនមីក្រូហិរញ្ញវត្ថុដើម្បីឲ្យគាត់ជួយក្នុងអត្រាពិសេសណាមួយញ្ចឹងទៅ។

លោកឲ្យដឹងទៀតថា ការងារបន្ទាប់ក្រោយចប់ពិធីចុះហត្ថលេខា យើងនឹងបើកវគ្គបណ្តុះបណ្តាលបន្ថែមដើម្បីជួយដល់សហគ្រិនថែមទៀតទៅលើការងារក្នុងក្រុមហ៊ុនរបស់ពួកគាត់….៕