(ញយ៉ក)៖ តាមការ ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១ គឺបានអោយដឹងថា អភិបាលរដ្ឋញូយ៉ក លោក Andrew Cuomo បានប្រកាសលាលែង ចេញពីតំណែងហើយថ្ងៃអង្គារសប្ដាហ៍នេះបន្ទាប់ពីការស៊ើបអង្កេតមួយរកឃើញថាលោកបានបៀតបៀនផ្លូវភេទលើស្ត្រី១១នាក់និងមានការអំពាវនាវឱ្យចុះចេញពីតំណែងពីសំណាក់លោកប្រធានាធិបតី ចូ បៃដិន។
លោក Andrew Cuomo ជាអ្នកប្រជាធិបតេយ្យម្នាក់ដែលបានឡើងកាន់តំណែង ជាអភិបាលរដ្ឋញូយ៉កចាប់តាំងពីឆ្នាំ២០១១មក បានប្រកាសលាលែងពីតំណែង ក្រោយអគ្គរដ្ឋ អាជ្ញារដ្ឋញូយ៉ក លោកស្រី Letitia James កាលពីថ្ងៃទី៣ ខែសីហាកន្លងទៅបានចេញផ្សាយលទ្ធ ផលនៃការស៊ើបអង្កេតឯករាជ្យដែលចំណាយ ពេលអស់៥ខែ ជាមួយការសន្មត់ថាលោក Cuomo ពិតជាបានប្រព្រឹត្តទង្វើបំពានច្បាប់របស់រដ្ឋញូយ៉ក និងច្បាប់សហព័ន្ធអាមេរិក។
តែទោះជាបែបនេះក្ដី នៅក្នុងសុន្ទរកថារយៈពេល ២០នាទី តាមកញ្ចក់ទូរទស្សន៍នៅថ្ងៃអង្គារសប្ដាហ៍ នេះ លោក Andrew Cuomo នៅតែបដិសេធថាលោក មិនបានធ្វើខុសអ្វីទាំងអស់ ទោះជាលោក និយាយថាលោកទទួលខុសត្រូវទាំងស្រុងចំពោះការបៀតបៀនលើស្ត្រីទាំងនោះដោយមិនបានរៀបចំផែនការអាក្រក់ ណាមួយទុកជាមុនក៏ដោយ។
គួរបញ្ជាក់ថា បើតាមលោក Andrew Cuomo ការលាលែងចេញពីតំណែងជាអភិបាលរដ្ឋញូយ៉ក របស់លោកនឹងត្រូវចូលជាធរមាននៅក្នុងរយៈពេល១៤ថ្ងៃ ហើយអភិបាលរងលោកស្រី Kathy Hochul នឹងត្រូវឡើងកាន់តំណែងជាអភិបាលរដ្ឋញូយ៉កថ្មី រហូតដល់ខែធ្នូ ឆ្នាំ២០២២៕