អគ្គនាយកដ្ឋានពន្ធដារ ចេញសេចក្ដីណែនាំពីការទទួលស្គាល់ចំណូល និងចំណាយចំពោះសហគ្រាសប្រកបអាជីវកម្មដាំដំណាំកៅស៊ូ

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្ដីណែនាំ ស្ដីពី ការទទួលស្គាល់ចំណូល និង ចំណាយចំពោះសហគ្រាស ប្រកបអាជីវកម្មដាំដំណាំកៅស៊ូ។ នេះបើតាមសេចក្ដីណែនាំ ដែល ទទួលបាននៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។

សេចក្ដីណែនាំបានឲ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារ សូមធ្វើការណែនាំ ចំពោះអ្នកជាប់ពន្ធតាម របប ស្វ័យប្រកាស ដែលប្រកបអាជីវកម្ម ដាំដំណាំកៅស៊ូ ក្នុងប្រទេសកម្ពុជា ត្រូវទទួលស្គាល់ចំណូល និងចំណាយសម្រាប់គោលដៅពន្ធ លើប្រាក់ចំណូល ដូចខាងក្រោម៖

១៖ ការទទួលស្គាល់ចំណូលជាប់ពន្ធ
សហគ្រាស ត្រូវទទួលស្គាល់ចំណូលជាប់ពន្ធ នៅពេលផ្គត់ផ្គង់ទំនិញ ឬសេវា។ ពេលផ្គត់ផ្គង់ទំនិញឬសេវា គឺពេលដែល សហគ្រាសបានចេញវិក្កយបត្រ ប្រសិនបើវិក្កយបត្រ បានចេញមុនពេលបញ្ជូនទំនិញ ឬទទួលប្រាក់ ឬពេលបញ្ជូនទំនិញ ឬការបំពេញសេវា ឬពេល ទូទាត់ប្រាក់។
ចំណូលពីការផ្គត់ផ្គង់ទំនិញ ឬសេវាទាំងនោះរួមមាន៖

ក៖ ចំណូលពីការផ្គត់ផ្គង់ផលិតផល៖ ជ័រកៅស៊ូទឹក ឬកៅស៊ូបង្កក កៅស៊ូក្រែប

ខ៖ ចំណូលពីសកម្មភាពអាជីវកម្មបន្ទាប់បន្សំ៖ កូនកៅស៊ូ ដើមកៅស៊ូ សេវាឈូសឆាយដី

គ៖ ចំណូលផ្សេងៗ ចំណូលពីមូលបត្រ ភាគហ៊ុន ចំណូលហិរញ្ញវត្ថុ

២៖ ចំណាយដែលត្រូវបញ្ចូលក្នុងថ្លៃដើមកៅស៊ូ

សហគ្រាសត្រូវទទួលស្គាល់ ចំណាយតាមគោលការណ៍ដូចខាងក្រោម៖
២.១៖ រាល់ចំណាយក្នុងដំណាក់កាលដាំដុះ ដំបូង គិតចាប់ពីការបណ្តុះពូជ រហូតដល់ពេលដែល ចាប់ផ្តើមប្រមូលផលឬចៀរជ័រដែលពាក់ព័ន្ធផ្ទាល់ ទៅនឹងការដាំដុះដំណាំកៅស៊ូ ត្រូវបានបញ្ចូល ក្នុងថ្ងៃដើមដំណាំកៅស៊ូ។ ចំណាយទាំងនោះមានជាអាទិ៍៖

ក៖ ការឈូសឆាយដី និងការរៀបចំដី ដែលពាក់ព័ន្ធផ្ទាល់ ទៅនឹងការដាំដំណាំកៅស៊ូ

ខ៖ ការដាំដំណាំកៅស៊ូរួមមាន៖ ការទិញកូនកៅស៊ូ ឬការបណ្តុះកូនកៅស៊ូ និងថ្លៃពលកម្មក្នុងការដាំដុះ

គ៖ ចំណាយលើហេដ្ឋារចនាសម្ព័ន្ធ ដែលបម្រើផ្ទាល់សម្រាប់ការដាំដុះកៅស៊ូ ដូចជា សំណង់អគារ (ការិយាល័យ អគារស្នាក់នៅរបស់កម្មករ សាលសហគមន៍ អាង ឬឃ្លាំងបង្កកកៅស៊ូ ឬរោងម៉ាស៊ីន) ផ្លូវ ស្ពាន ស្រះ ឬអាងផ្ទុកកាកសំណល់

ឃ៖ ចំណាយទិញជីសម្រាប់ដាំដុះដំណាំកៅស៊ូ

ង៖ ចំណាយលើការជួលដី នៅក្នុងដំណាក់កាលឈូសឆាយ និងដាំដុះដើមកៅស៊ូ

ច៖ ចំណាយគ្រឿងចក្រដែលបានទិញ ក្នុងរយៈពេលឈូសឆាយ និងដាំដុះដើមកៅស៊ូ

ឆ៖ ចំណាយលើការប្រាក់ពីកម្ចី ស្ថិតនៅក្នុងដំណាក់កាលឈូសឆាយ និងដាំដុះដើមកៅស៊ូ

ជ៖ ចំណាយផ្សេងៗដែលពាក់ព័ន្ធផ្ទាល់ទៅនឹងការដាំដុះដើមកៅស៊ូ ក្នុងរយៈពេលឈូសឆាយ និងដាំដុះ។

២.២៖ ចំណាយដែលមានលក្ខណៈផ្ទុយពីចំណុច ២.១ ដែលបានរៀបរាប់ខាងលើ ត្រូវចាត់ជា ចំណាយប្រតិបត្តិការ។ ចំណាយទាំងនោះ រួមមាន៖

ក៖ ចំណាយក្នុងការដាំជំនួសចំពោះដំណាំខូច៖ គឺជាប្រភេទចំណាយណា ដែលទាក់ទងផ្ទាល់ទៅ នឹងការដាំដុះជំនួសវិញ ដោយរួមបញ្ចូលទាំងចំណាយផ្សេងៗ សម្រាប់កែលម្អក្នុងចំការ ការដាក់ បង្គោលការពារដំណាំ ដែលទើបនឹងជំនួសក្រោយរយៈពេលប្រមូលផល។ ផ្ទុយទៅវិញ ក្នុងករណី ដាំដំណាំកៅស៊ូទាំងស្រុង ត្រូវអនុវត្តតាមចំណុច ២.១ ខាងលើ

ខ៖ ចំណាយលើសម្ភារបរិក្ខារ ដែលមិនពាក់ព័ន្ធនឹងការដាំដុះដំណាំកៅស៊ូ

គ៖ ចំណាយផ្សេងៗ ដែលមិនពាក់ព័ន្ធផ្ទាល់នឹងសកម្មភាពអាជីវកម្មដំណាំកៅស៊ូ៕

ខាងក្រោមនេះ ជាសេចក្ដីណែនាំ របស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានខ្លឹមសារទាំងស្រុង៖