(ភ្នំពេញ)៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូន អាស៊ាន ដែលកម្ពុជាគ្រោងធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំនេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ទទួលបន្ទុក និងមន្ត្រីជំនាញក្រោមឱវាទ នៅទីស្តីការក្រសួង។
កិច្ចប្រជុំនេះបានពិភាក្សាលើការបង្កើតគណៈកម្មការទទួលបន្ទុករៀបចំ ការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រី ដឹកជញ្ជូនអាស៊ានដោយផ្ទាល់ឬតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយនៅក្នុងបរិបទនៃការឆ្លងរីករាលដាលជាសកលនៃមេរោគកូវីដ១៩នៅទូទាំងពិភពលោក ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃ១០-១១ ខែវិច្ឆិកា ឆ្នាំ២០២១ ការត្រៀមរៀបចំសម្ភារ និងគ្រឿងបរិក្ខារផ្សេងៗសំដៅសម្រួលដល់ដំណើរការ នៃកិច្ចប្រជុំនេះឱ្យប្រព្រឹត្តទៅ ដោយរលូន និងប្រសិទ្ធភាពខ្ពស់បំផុត។
ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីទស្សនវិស័យវែងឆ្ងាយ ក្នុងពេលកម្ពុជា ដឹក នាំកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ានលើកទី២៧ ដោយកម្ពុជាជាប្រទេសដែលនាំមុខគេក្នុងការ ពង្រីក ការចូលរួមរបស់ដៃគូរសន្ទនាជាមួយអាស៊ានឱ្យបានកាន់តែច្រើន ដែលរួមមាន៖ ប្រទេសឥណ្ឌា អូស្រ្តាលី ធនាគារពិភពលោក(WB) ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ធនាគារវិនិយោ គហេដ្ឋារចនាសម្ព័ន្ធអាស៊ី(AIIB) ជាដើម ហើយក្រុមការងាររបស់ក្រសួង(MPWT) នឹងធ្វើការ សហប្រតិបត្តិការល្អជាមួយលេខាធិការដ្ឋាន អាស៊ានដើម្បីសម្រេចគោលដៅនេះ។
សូមបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូនគ្រោងនឹងបង្កើតគណៈកម្មការរៀបចំកិច្ចប្រជុំ រដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន ដោយមានការចូលរូមពីអង្គភាពពាក់ព័ន្ធទាំងអស់នៅក្នុងក្របខណ្ឌក្រសួង និងបានស្នើឱ្យនាយកដ្ឋានព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈពិនិត្យ និងស្រាវជ្រាវអំពីការរៀប ចំប្រព័ន្ធវីដេអូពីចម្ងាយឱ្យមានប្រសិទ្ធភាព និងមានលក្ខណៈរលូនផងដែរ៕