ក្រសួងសុខាភិបាលប្រកាសថា អ្នកឆ្លងមេរោគបំប្លែងថ្មី Delta ទាំងអស់នឹងមិនអនុញ្ញាតឱ្យ ព្យាបាលនៅតាមផ្ទះ និងកំណត់អំពីលក្ខខណ្ឌនៃការព្យាបាលផងដែរ

(ភ្នំពេញ)៖ តាមលិខិតរបស់ ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល ដែល ទទួលបាន នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ បានបញ្ជាក់ប្រាប់អោយដឹងថាក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១នេះ បានប្រកាសថា សម្រាប់អ្នកជំងឺកូវីដ១៩ ដែលឆ្លងមេរោគ បំប្លែងថ្មី Delta នឹងមិនអនុញ្ញាតឱ្យមានការព្យាបាល នៅតាមផ្ទះនោះទេ ហើយតម្រូវឱ្យទៅទទួល ការព្យាបាលនៅមណ្ឌលព្យាបាលជំងឺកូវីដ១៩ ឬមន្ទីរ ពេទ្យព្យាបាលជំងឺកូវីដ១៩។

ក្រសួងសុខាភិបាលក៏បានចេញលិខិតមួយបង្ហាញពីការកំណត់នូវលក្ខខណ្ឌ នៃការបញ្ចប់ការព្យា បាលជំងឺកូវីដ១៩ប្រភេទ Delta ផងដែរ។

ឯកឧត្តម រដ្ឋមន្រ្តី បានបញ្ជាក់ថា យោងតាមការចាំបាច់ក្នុងការគ្រប់គ្រងការព្យាបាលជំងឺកូវីដ-១៩ ជាពិសេសដោយផ្អែកទៅតាម ទិន្នន័យផ្នែកអេពីដេមីសាស្ត្រ នៃការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទដែលតា (Delta Variant) ព្រមទាំង ការសិក្សាស្រាវជ្រាវពីលទ្ធភាពចម្លង និងរយៈពេលសកម្មរបស់វីរុសបំប្លែងខ្លួនថ្មីនេះ អ្នកជំងឺកូវីដ-១៩ ប្រភេទដែលតា (ដែលបានបញ្ជាក់ ដោយមន្ទីរពិសោធន៍ ឬស្ថិតក្នុងករណីសង្ស័យ) ទាំងចំពោះករណីនាំចូលពីក្រៅប្រទេស និងករណី ក្នុងសហគមន៍ ពុំត្រូវបានអនុញ្ញាតឱ្យធ្វើការព្យាបាលនៅតាមផ្ទះទេ ដោយតម្រូវឱ្យទៅទទួលការ ព្យាបាលនៅមណ្ឌលព្យាបាល ជំងឺកូវីដ-១៩ ឬមន្ទីរពេទ្យព្យាបាលជំងឺកូវីដ-១៩ ដែលបានកំណត់ អាស្រ័យទៅតាមកត្តាសុខភាពជាក់ស្តែងរបស់អ្នកជំងឺ។

ជាមួយគ្នានេះដែរ អនុគណៈកម្មការបច្ចេកទេស និងព្យាបាល នៃ គ.អ.ក. បានកំណត់នូវលក្ខខណ្ឌ នៃការបញ្ចប់ការ ព្យាបាលជំងឺកូវីដ-១៩ ប្រភេទដែលតា ដើម្បីដាក់ឱ្យអនុវត្តនៅតាមរាជធានី-ខេត្ត ទាំងអស់ ដូចមានជូនភ្ជាប់មកជាមួយខាងក្រោមនេះ៖