ប្រធាន World Bank ថ្មី ប្រចាំកម្ពុជា ប្ដេជ្ញាជួយកម្ពុជា គ្រប់គ្រងផលប៉ះពាល់ ការរាតត្បាតជំងឺ កូវីដ១៩ ដើម្បីស្តារសេដ្ឋកិច្ចឲ្យរើបឡើងវិញ

(ភ្នំពេញ)៖ ធនាគារពិភពលោក (World Bank) បានតែងតាំងលោកស្រី ម៉ារីយ៉ាម សាលីម (Maryam Salim) ជាប្រធានគ្រប់គ្រងថ្មី ប្រចាំនៅប្រទេសកម្ពុជា ស្នងតំណែងពីលោកស្រី អ៊ីង ហ្គូណា ដូប្រាចា (Inguna Dobraja) ដែលបានផ្លាស់ទៅធ្វើការថ្មី នៅប្រទេសម៉ុលដូវ៉ា ក្រោយពី បានបំពេញបេសសកម្ម អស់រយៈពេល៥ឆ្នាំ ជាប្រធានគ្រប់គ្រងការិយាល័យ នៃធនាគារពិភពលោក នៅក្នុងរាជធានីភ្នំពេញ។

តាមសេចក្ដីប្រកាសព័ត៌មានរបស់ World Bank ដែល ទទួលបាននៅថ្ងៃទី០៩ ខែសីហាឆ្នាំ ២០២១ នេះ បានឲ្យដឹងថា លោកស្រី សាលីម មើលការខុសត្រូវរួមពី លើកិច្ចការប្រចាំថ្ងៃរបស់ធនាគារ ពិភពលោក ជាមួយរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ ក្នុងនោះមានកញ្ចប់គម្រោងនានា គិតជាតម្លៃ ទឹកប្រាក់ សរុបប្រមាណ១,១ប៊ីលានដុល្លារអាមេរិក ដែលភ្នាក់ងារនានារបស់រដ្ឋាភិបាលកំពុងអនុវត្ត តាមរយៈជំនួយហិរញ្ញវត្ថុ និងបច្ចេកទេសពីធនាគារពិភពលោក។

គម្រោងទាំងនោះ ត្រូវបានរៀបចំតម្រូវតាមអាទិភាពអភិវឌ្ឍន៍របស់កម្ពុជា អមដោយគោលដៅ២ របស់ធនាគារពិភពលោក គឺដើម្បីកាត់បន្ថយភាពក្រីក្រ និងបង្កើនវិបុលភាពរួមសម្រាប់ប្រជាជន កម្ពុជា។

ក្របខណ្ឌភាពជាដៃគូរបស់ធនាគារពិភពលោក សម្រាប់ប្រទេសកម្ពុជា សម្រាប់ដំណាក់កាលឆ្នាំ ២០១៩-២០២៣ ផ្តោតសំខាន់ទៅលើការបង្កើនភាពប្រសិទ្ធភាព របស់វិស័យសាធារណៈ និងលើក កម្ពស់ការអភិវឌ្ឍវិស័យឯកជន, លើការវិនិយោគលើធនធានមនុស្ស តាមរយៈការពង្រីកលទ្ធភាព ទទួលបានសេវាអប់រំ និងសេវាសុខាភិបាលមានគុណភាពសម្រាប់ក្មេងតូច, លើការធ្វើពិពិធកម្ម និងបង្កើនផលិតភាពក្នុងវិស័យកសិកម្ម, លើការលើកកម្ពស់ការប្រើប្រាស់ ធនធានធម្មជាតិ ប្រកបដោយចីរភាព និងលើការពង្រឹងអភិបាលកិច្ច ស្ថាប័ន និងការចូលរួមរបស់ពលរដ្ឋ។

លោកស្រី ម៉ារីយ៉ាម សាលីម បានថ្លែងថា «ខ្ញុំមានសោមនស្សក្រៃលែង ដែលបានមកកាន់ តំណែងថ្មីនេះ ហើយខ្ញុំកាន់តែរីករាយណាស់ដែរ ដែលបានត្រឡប់មកកម្ពុជា វិញនៅ១៧ឆ្នាំ ក្រោយគិតចាប់ពីពេលដែលខ្ញុំ បានបញ្ចប់ការងារនៅកម្ពុជា ក្នុងនាមជាប្រធានក្រុម នៃគម្រោង ពាក់ព័ន្ធមូលនិធិសង្គមសម្រាប់ពង្រឹងសហគមន៍ និងប្រយុទ្ធនឹងភាពក្រីក្រ»។

លោកស្រី បានបន្ថែមទៀតថា «ខ្ញុំត្រៀមខ្លួនជាស្រេច នឹងធ្វើការជាមួយសហសេវិកកម្ពុជារបស់ខ្ញុំ ដើម្បីជួយប្រទេសកម្ពុជា គ្រប់គ្រងផលប៉ះពាល់ នៃការរាតត្បាតជំងឺកូវីដ-១៩, រៀបចំមូលដ្ឋាន សម្រាប់ការស្តារសេដ្ឋកិច្ចឲ្យរើបឡើងវិញយ៉ាងស្វាហាប់ និងកសាងភាពធន់ សម្រាប់ទប់ទល់ជាមួយ ហេតុការណ៍ អង្រួនកន្ត្រាក់សេដ្ឋកិច្ចនៅថ្ងៃខាងមុខ»។

គូសបញ្ជាក់ថា លោកស្រី ម៉ារីយ៉ាម សាលីម មានបទពិសោធន៍ការងារជាង២០ឆ្នាំ ក្នុងធនាគារពិភព លោក ក្នុងនោះ កាលពីពេលថ្មីនេះ លោកស្រីធ្លាប់កាន់តំណែង ជាប្រធានគ្រប់គ្រងប្រចាំប្រទេស អាល់បានី ផងដែរ។

កាលនៅកម្ពុជាពេលមុន លោកស្រីជាអ្នកឯកទេសផ្នែកអភិវឌ្ឍសង្គម និងធនធានមនុស្ស មុននឹង លោកស្រីបន្តទៅបំពេញមុខងារ ក្នុងតំណែងជាន់ខ្ពស់ផ្សេងៗ នៅក្នុងផ្នែករៀបចំគោល នយោបាយ ប្រតិបត្តិការ របស់ធនាគារពិភពលោក នៅស្នាក់ការកណ្តាលក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋ អាមេរិក។លោកស្រី មានដើមកំណើតនៅប្រទេសតង់ហ្សានី មានសញ្ញាបត្រអនុបណ្ឌិតផ្នែក សេដ្ឋកិច្ច និងទំនាក់ទំនងអន្តរជាតិ ពីសកលវិទ្យាល័យ Johns Hopkins, និងជាបណ្ឌិតច្បាប់ចេញពី សកលវិទ្យាល័យ Georgetown៕