(បាងកក)៖ តាមការចេញផ្សាយ ដោយសារព័ត៌មានថៃ Bangkok Post បានអោយដឹងថា ក្រសួង សុខាភិបាលថៃ នៅថ្ងៃចន្ទ ទី០៩ ខែសីហា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណី ឆ្លងជំងឺ COVID-19 ថ្មីៗរហូតដល់ចំនួន ១៩,៦០៣ករណីបន្ថែមទៀត ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
បើតាមក្រសួងសុខាភិបាលថៃ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះ មាន ១៩,២៩០ករណី ត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ និង ៣១៣ករណីទៀត ត្រូវបានរកឃើញនៅលើអ្នក ទោសតាមពន្ធនាគារ។
ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ អ្នកជំងឺចំនួន ១៤៩នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាស្លាប់ផងដែរ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា។ ដោយឡែកអ្នកជំងឺចំនួន ១៩,៨១៩នាក់ផ្សេងទៀត ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរ ពេទ្យ ក្រោយជាសះស្បើយ។
សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ប្រទេសថៃបានកត់ត្រានូវករណីឆ្លងសរុប នៅទូទាំងប្រទេស ចំនួន ៧៧៦,១០៨ករណី ក្នុងនោះមានអ្នកស្លាប់ ៦,៣៥៣នាក់ និងអ្នកជាសះស្បើយឡើងវិញ ៥៥៥,៣៣៤នាក់។ គិតត្រឹមសប្តាហ៍នេះ ថៃបានចាក់វ៉ាក់សាំងបង្ការ COVID-19 បានសរុបជិត ២០លានដូស ក្នុងនោះប្រជាជនជាង ៤លាននាក់ (ជាង៦% នៃចំនួនប្រជាជនសរុប) បានទទួល ការចាក់គ្រប់ដូស៕