ប៉ូលិសថៃចោទប្រកាន់បុរសមូលដ្ឋានម្នាក់ពីបទឃាតកម្មលើស្ត្រីស្វីសម្នាក់នៅកោះភូកេត

ប៉ូលិសថៃបាននិយាកាលពីថ្ងៃអាទិត្យថា បុរសថៃអាយុ២៧ឆ្នាំត្រូវបានចោទប្រកាន់ថាបានសម្លាប់ស្ត្រីស្វីសម្នាក់ ដែលត្រូវបានប្រទះឃើញស្លាប់កាលពីសប្តាហ៍មុននៅកោះកម្សាន្តភូកេត។

អ្នកនាំពាក្យប៉ូលិស បាននិយាយថា« ប៉ូលិសបានចោទប្រកាន់ជនល្មើសពីបទឃាតកម្មនិងប្លន់បណ្តាលអោយស្លាប់។ទោះជាយ៉ាងណាមូលហេតុនៃការស្លាប់ស្ត្រីនេះនៅមិនទាន់បញ្ជាក់នៅឡើយរីឯលទ្ធផលពិនិត្យសាកសពក៏នៅមិនទាន់ចេញដែរ»។

សារព័ត៌មានបរទេសខ្លះបាននិយាយថា ស្ត្រីអ្នកទេសចរស្វីសរូបនេះត្រូវបានរំលោភសម្លាប់។

ជនរងគ្រោះអាយុ៥៧ឆ្នាំ ជាអ្នកទេសចរស្វីសឈ្មោះបានមកទស្សនាថៃក្រោមយុទ្ធនាការទេសចរណ៍ប្រអប់ខ្សាច់ភូកេតដែលអនុញ្ញាតអោយអ្នកដំណើរចាក់វ៉ាក់សាំងពេញលេញហើយចូលមកលេងកោះនេះ ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក ដរាបណាពួកគេស្នាក់នៅទីនោះ២សប្តាហ៍។

នាយរងប៉ូលិសខេត្តភូកេតបាននិយាយថា ជនសង្ស័យបានវាយនិងប្លន់ជនរងគ្រោះនៅពេលពើបប្រទះគ្នានៅកន្លែងទឹកធ្លាក់មួយ កន្លែងដែលជនល្មើសបានទៅរកបេះផ្លែឈើ។«ជនល្មើសបានរកឃើញលុយ៣០០បាត(១០ដុល្លារ) និងបានយកវាទៅទិញថ្នាំ ភេសជ្ជៈនិងជួសជុលទូរស័ព្ទ»។

ក្រោយត្រូវបានចាប់ខ្លួននិងសួរចម្លើយ ជនសង្ស័យបានសារភាពចំពោះការវាយប្រហារជនរងគ្រោះ៕