រដ្ឋមន្ដ្រីសុខាភិបាល បានលើកឡើងថា នៅពេលពលរដ្ឋទូទាំងប្រទេស ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចរាល់ នឹងអាចបង្កើតភាពសុំាដល់សង្គម ការពារការចម្លង កាត់បន្ថយការធា្លក់ខ្លួនឈឺធ្ងន់ធ្ងរ និងស្លាប់

(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តម សាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា នៅពេលប្រជាពលរដ្ឋយើងទូទាំងប្រទេស ទាំងកុមារ យុវវ័យ និងមនុស្សចាស់ បានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩រួចរាល់ ពេលនោះយើងនឹងអាចបង្កើតភាពសុំា ដល់សង្គមយើង ការពារការចម្លង កាត់បន្ថយការធា្លក់ខ្លួនឈឺធ្ងន់ធ្ងរ ដែលធ្វើឱ្យអត្រាមរណភាពក៏ធ្លាក់ចុះ។

រដ្ឋមន្ដ្រី ម៉ម ប៊ុនហេង បានគូសបញ្ជាក់បែបនេះ ក្នុងឱកាសចុះពិនិត្យទីតាំងចាក់វ៉ាក់សាំង បង្ការ ជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យចន្លោះពី ១២ ដល់ក្រោម១៨ឆ្នាំ នៅមណ្ឌលសុខភាពទឹកថ្លា នៅរសៀលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២១នេះ ដោយមានការអញ្ជើញចូលរួមពី អភិបាលរាជធានី ភ្នំពេញ ឯកឧត្តម ឃួង ស្រេង។

ឯកឧត្តម រដ្ឋមន្ដ្រីបន្ដថា «នៅពេលដែលប្រជាពលរដ្ឋយើងទាំងកុមារ យុវវ័យ និងមនុស្សចាស់ បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួចរាល់ ពេលនោះយើងនឹងអាចបង្កើតភាពសុំា ដល់សង្គមយើង ការពារការចម្លង កាត់បន្ថយការធា្លក់ខ្លួនឈឺធ្ងន់ធ្ងរ ដែលធ្វើឱ្យអត្រាមរណភាពក៏ធ្លាក់ចុះ។ លើសពីនោះ សម្រាប់កុមារ និងយុវវ័យយើង អាចមករៀនសូត្រឡើងវិញ រៀនពូកែ មានសុខភាពល្អ នោះអនាគតប្រទេសក៏មានភាពល្អប្រសើរផងដែរ»។

សម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនកុមារ និងយុវវ័យចន្លោះពី ១២ ដល់ក្រោម ១៨ឆ្នាំ យើងសង្កេតឃើញថា ជាមាតាបិតា ជាអាណាព្យាបាល បាននាំកូនមកវ៉ាក់សាំងដោយភាព សប្បាយរីករាយ ទោះមេឃកំពុងភ្លៀងក៏នៅបន្ដដំណើរមកទទួលយកវ៉ាក់សាំងផងដែរ ដែល បង្ហាញឱ្យថា ពួកគាត់មានការយល់ដឹងខ្ពស់ និងចូលរួមយ៉ាងសស្រាក់សស្រាំជាមួយរាជរដ្ឋាភិបាល កម្ពុជា ក្នុងការបង្កើតភាពស៊ាំនៅក្នុងសហគមន៍យើង និងដើម្បីឈានទៅបើកសាលារៀនឡើងវិញ។ នេះបើតាមការបញ្ជាក់របស់ រដ្ឋមន្រ្ដី ម៉ម ប៊ុនហេង។

ឯកឧត្តម រដ្ឋមន្ដ្រីថ្លែងបន្ដថា ជាក់ស្ដែងគិតត្រឹមរសៀលថ្ងៃទី៨ ខែសីហានេះ កុមារ និងយុវវ័យ ជិត១២ម៉ឺននាក់ហើយ ក្នុងចំណោម២១ម៉ឺននាក់ នៅរាជធានីភ្នំពេញ ដែលបានមកទទួលការចាក់ វ៉ាក់សំាងបង្ការជំងឺកូវីដ១៩ រួចរាល់។ នេះជាចលនាមួយដ៏អស្ចារ្យ អនុវត្ដនូវគោលនយោបាយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា។

ទន្ទឹមនឹង រដ្ឋមន្ដ្រីសុខាភិបាល ក៏នៅតែទទូចដល់ប្រជាពលរដ្ឋថា ទោះបីជាយើងចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ១៩ រួចរាល់ក៏ដោយ ប្រជាពលរដ្ឋយើង ក៏ត្រូវតែបន្ដគោរពវិធានសុខាភិបាល និងការណែ នាំរបស់ សម្ដេចតេជោ នាយករដ្ឋមន្ដ្រី ៣ការពារ ៣កុំ ដែលជាវិធានការដ៏មានប្រសិទ្ធិភាព ទោះក្នុង កំលុងការរាលត្បាតជំងឺកូវីដ១៩នេះ ពិសេសប្រភេទបំប្លែងថ្មីក៏ដោយ។

សូមបញ្ជាក់ថា យុទ្ធនាការចាក់វ៉ាក់សាំងដល់កុមារ និងយុវវ័យអាយុចន្លោះពី១២ឆ្នាំ ដល់ក្រោម១៨ ឆ្នាំ ត្រូវបានសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីកម្ពុជា ប្រកាសចាប់ផ្តើមយុទ្ធនាការ កាលពីថ្ងៃ ទី០១ ខែសីហា ឆ្នាំ២០២១ ក្នុងនោះកុមារ និងយុវវ័យ សរុបជិត២លាននាក់ទូទាំងប្រទេស៕