សហរដ្ឋអាម៉េរិកកាលពីថ្ងៃសុក្រទី៣០កក្កដាបានសំរេចរឹបអូសនាវាដឹកប្រេងរបស់ជនជាតិសិង្ហបុរីម្នាក់ដែលត្រូវបានប្រើសំរាប់ដឹកប្រេងខុសច្បាប់ទៅកាន់កូរ៉េខាងជើង នេះបើតាមការបញ្ជាក់របស់ ក្រសួងយុត្តិធម៌អាម៉េរិក។ចៅក្រមសហព័ន្ធនៅក្រុងញូវយ៉កម្នាក់បានចេញការសំរេចរឹបអូសនាវានេះដោយអនុញ្ញាតអោយអាម៉េរិកទទួលគ្រប់គ្រងជាកម្មសិទ្ធលើនាវាM/T Courageousចុះបញ្ជីនៅ កាម៉េរូន ដែលបច្ចុប្បន្នស្ថិតនៅកម្ពុជា។
យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងយុត្តិធម៌ នាវាចំណុះ២.៧៣៤តោននេះ ត្រូវបានជន ជាតិសិង្ហបុរីឈ្មោះក្វេក គី សេង(Kwek Kee Seng)ទិញតែជននេះក៏កំពុងគេចខ្លួនផងដែរ។ សេចក្តីថ្លែងការណ៍និយាយថា «Kwekនិងអ្នករួមគំនិតជាមួយ បានពាក់ព័ន្ធនឹងគំរោងធំមួយដើម្បី គេច…ទណ្ឌកម្មអាម៉េរិកនិងអង្គការសហប្រជាជាតិដោយប្រើនាវាក្រោមការគ្រប់គ្រងរបស់ពួកគេដឹកជញ្ជូនប្រេងឥន្ធនៈទៅកាន់កូរ៉េខាងជើងដោយផ្ទាល់»។
ចាប់ពីខែសីហាដល់ធ្នូឆ្នាំ២០១៩នាវាCourageousឈប់បញ្ជូនចេញព័ត៌មានអំពីទីតាំងរបស់វាតែរូបភាពផ្កាយរណបបង្ហាញថាក្នុងអំឡុងពេលនេះនាវានេះពាក់ព័ន្ធនឹងការផ្ទេរប្រេងតំលៃជាង១,៥លានដុល្លារទៅកាន់នាវាកូរ៉េខាងជើងមួយ។ក្រសួងចោទប្រកាន់លោកKwekថាព្យាយាមលាក់បាំងគំរោងផែនការនេះដោយប្រើប្រាស់ក្រុមហ៊ុនមិនដំណើរការមានតែឈ្មោះជាច្រើន ភូតកុហកអាជ្ញាធរដឹកជញ្ជូន អន្តរជាតិនិងដាក់អត្តសញ្ញាណ នាវាCourageousមិនពិតដើម្បីគេចពីការតាមចាប់។
Kwekត្រូវបានចោទប្រកាន់ពីបទសមគំនិតគេចវេះទណ្ឌកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើងនិងរួមគំនិតលាងលុយ។អាជ្ញាធរកម្ពុជាបានរឹបអូសទុកនាវាដឹកប្រេងCourageousនេះកាលពីខែមីនាឆ្នាំ២០២០ តាមដីការបស់អាម៉េរិកនិងបានរក្សាទុកវាតាំង ពីពេលនោះមក៕