(ហ្សឺណែវ)៖ តាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន Reuters នាព្រឹកថ្ងៃសៅរ៍ ទី៣១ ខែកក្កដា ឆ្នាំ២០២១បានបញ្ជាក់អោយដឹងថា អង្គការសុខភាពពិភពលោក (WHO) បានព្រមាន ពីហានិយភ័យ នៃការចាញ់សង្គ្រាមជាមួយវីរុស COVID-19 បម្លែងថ្មី Delta ដែលកំពុងបន្តរីករាត ត្បាតយ៉ាងគំហុក ប៉ុន្តែអង្គការនេះនៅតែអះអាងថា រាល់វ៉ាក់សាំងទាំងអស់ដែលខ្លួនបានអនុម័ត ឲ្យប្រើ នៅតែមានលទ្ធភាពទប់ទល់ វីរុសក៏កាចសាហាវនេះបាន។
សេចក្តីព្រមានរបស់ WHO ខាងលើនេះបានកើតមានឡើង ស្របពេលដែលមជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺ (CDC) នៃសហរដ្ឋអាមេរិកបានចាត់ទុកថា វីរុសបម្លែងថ្មី Delta មានរបៀបនៃការចម្លងស្រដៀងនឹងជំងឺ អុតស្វា (chickenpox) ប៉ុន្តែវាអាចបង្កឲ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់។
នៅក្នុងសេចក្តីថ្លែងដោយប្រធាន WHO លោក ថេដ្រូស អាដាណម បានគូសបញ្ជាក់ថា ចំនួន ករណីឆ្លង COVID-19 បានកើនឡើងរហូតដល់ ៨០% នៅក្នុងរយៈពេល ៤សប្តាហ៍ចុងក្រោយនេះ នៅតំបន់ភាគច្រើនទូទាំងពិភពលោក។ លោក ថេដ្រូស ក៏បានព្រមានផងដែរចំពោះផលវិបាក ដែលទ្វីបអាហ្វ្រិកនឹងត្រូវជួបប្រទះ ខណៈប្រជាជនតែ ១.៥%ប៉ុណ្ណោះ ដែលបានទទួលការចាក់វ៉ាក់ សាំង ហើយកំណើននៃករណីឆ្លង COVID-19 នៅទ្វីបអាហ្វ្រិករហូតដល់ ៨០% ក៏ត្រូវបានរាយ ការណ៍នៅក្នុងអំលុងពេល ៤សប្តាហ៍ចុងក្រោយនេះដូចគ្នា។
លោក ថេដ្រូស អាដាណម បានលើកឡើងយ៉ាងដូច្នេះទៀតថា «ការតស៊ូដែលពិបាកនឹងយកឈ្នះ កំពុងធ្វើឲ្យយើងស្ថិតក្នុងគ្រោះថ្នាក់ ឬអាចនឹងចាញ់ ខណៈដែលប្រព័ន្ធសុខាភិបាលនៃប្រទេសនានា កំពុងតែកកកុញ»។ បើតាម WHO វីរុស COVID-19 បម្លែងថ្មីៗ Delta ត្រូវបានរកឃើញក្នុង ប្រទេសសរុបចំនួន ១៣២ ហើយ ហើយវាកំពុងតែបង្កើនឥទ្ធិពល ទៅជាវីរុសរាតត្បាតសកល៕