កងទ័ពជើងទឹកនៃកងទ័ពរំដោះប្រជាជនចិន (PLAN)កំពុងធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូងនៅសប្តាហ៍នេះចំពេលមានការរំពឹងទុកនៃការមកដល់របស់នាវាផ្ទុកយន្តហោះអង់គ្លេស HMS Queen Elizabeth និងកងកម្លាំងរបស់ខ្លួន។យោងតាមកាសែត The Global Times បានឱ្យដឹងថា ចាប់ពីថ្ងៃចន្ទរហូតដល់ថ្ងៃព្រហស្បតិ៍នេះ PLANបានបិទតំបន់ចំនួនពីរនៃសមុទ្រចិនខាងត្បូងក្បែរខេត្តក្វាងទុងភាគខាងត្បូងប្រទេសចិនចំពោះចរាចរណ៍តាមសមុទ្រ ជាទីដែលខ្លួនកំពុងធ្វើសមយុទ្ធ។
កាសែតនេះមិនបានបញ្ចេញឈ្មោះនាវាចម្បាំងចិនណាដែលបានចូលរួមនោះទេប៉ុន្តែយោងតាមរូបភាពផ្កាយរណបដែលទទួលបានពីទីភ្នាក់ងារអវកាសអឺរ៉ុបកាលពីសប្តាហ៍មុននាវាផ្ទុកយន្តហោះចម្បាំង Shandong បានស្ថិតនៅសមុទ្រចិនខាងត្បូងនៅគ្រានោះ ហើយនាវាសម្រាប់វាយឡើងលើដីគោក Hainan ក៏មានវត្តមាននៅដើមខែនេះដែរ។
កាសែត Global Timesបានកត់សម្គាល់ថា សមយុទ្ធនេះទំនងមិនមែនធ្វើឡើងឱ្យគាប់ជួននឹងការមកដល់របស់នាវា HMS Queen Elizabethដែលចូលមកដល់កំពង់ផែនៅប្រទេសសិង្ហបុរីកាលពីថ្ងៃចន្ទនោះទេ ប៉ុន្តែកាសែតនេះបានបន្ថែមថា ការធ្វើសមយុទ្ធនេះបង្ហាញពីការត្រៀមខ្លួនរបស់កងកម្លាំង PLANដែលឃើញការកើនឡើងសកម្មភាពរបស់អាម៉េរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងដែនទឹកជុំវិញប្រទេសចិន ជាពិសេសនៅសមុទ្រចិនខាងត្បូងក្នុងរយៈពេលប៉ុន្មានខែនិងឆ្នាំចុងក្រោយនេះ។
នាវាផ្ទុកយន្តហោះថ្មីទម្ងន់ ៧២.០០០ តោនរបស់កងទ័ពជើងទឹកអង់គ្លេសនេះបានចាប់ផ្តើមដំណើរបំពេញទស្សនកិច្ចលើកដំបូងរបស់ខ្លួនកាលពីខែឧសភាដោយឈប់សំចតនៅកំពង់ផែជាច្រើននៅតាមផ្លូវនិងធ្វើសមយុទ្ធជាមួយកងទ័ពជើងទឹករបស់ប្រទេសជាច្រើនរួមទាំងសហរដ្ឋអាម៉េរិកនិងឥណ្ឌា។
កាលពីខែមុន រដ្ឋមន្ត្រីការបរទេសអង់គ្លេសលោក ដូមីនិក រ៉ាអាប បានប្រាប់គណៈកម្មាធិការកិច្ចការបរទេសនៅសភាថា “វាពិតជាត្រឹមត្រូវដែលយើងអនុវត្តនិងការពារសិទ្ធិ ហើយយើងធ្វើដូច្នេះចាប់ពីសមុទ្រនៅដែនដីអ៊ុយក្រែនរហូតដល់សមុទ្រចិនខាងត្បូង”៕