ឯកឧត្តម ថោង លីម ដឹកនាំប្រជុំផ្សព្វផ្សាយការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ អំពីតួនាទីភារកិច្ច របស់អនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់ និងរៀបចំផែនការសកម្មភាពតាមក្រុមការងារនីមួយៗ ដើម្បីចុះអនុវត្តច្បាប់

(ភ្នំពេញ)៖ ឯកឧត្តម ថោង លីម អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានអនុគណៈកម្មការ ដឹកនាំការអនុវត្តច្បាប់ ចំណុះឲ្យគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បានដឹកនាំប្រជុំផ្សព្វផ្សាយ ការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ អំពីតួនាទីភារកិច្ច របស់អនុគណៈ កម្មការដឹកនាំការអនុវត្តច្បាប់ និងរៀបចំផែនការសកម្មភាព តាមក្រុមការងារនីមួយៗ ដើម្បីចុះអនុវត្ត ច្បាប់ ដល់អនុប្រធាន និងសមាជិកនៃអង្គប្រជុំទាំងមូល។

ក្រោយពីបានស្តាប់នូវមតិយោបល់ដែលបានលើកឡើងរបស់សមាជិកអង្គប្រជុំរួចមក លោក ថោង លីម បានណែនាំដល់ក្រុមការងារនិងគណៈបញ្ជាការដឹកនាំការអនុវត្តច្បាប់រាជធានី-ខេត្ត សំដៅលើកកម្ពស់ប្រសិទ្ធភាពការងាររបស់អនុគណៈកម្មការដឹកនាំការអនុវត្តច្បាប់មានដូចខាងក្រោម៖

*ទី១៖ ស្នើឱ្យគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី-ខេត្ត រៀបចំរចនាសម្ព័ន្ធគណៈបញ្ជាការដឹក នាំការអនុវត្តច្បាប់ ទាំងថ្នាក់រាជធានី-ខេត្ត និងថ្នាក់ក្រុង ស្រុក ខណ្ឌ។

*ទី២៖ គ្រប់ក្រុមការងារជំនាញ និងគណៈបញ្ជាការដឹកនាំការអនុវត្តច្បាប់ ទាំងថ្នាក់រាជធានី-ខេត្ត និងថ្នាក់ក្រុង ស្រុក ខណ្ឌ កសាងផែនការសកម្មភាពជាក់ស្តែងស្របតាម លក្ខណៈភូមិសាស្រ្ត របស់ខ្លួន។

*ទី៣៖ ត្រៀមលក្ខណៈសម្បត្តិក្នុងការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ និងវិធានការនានា ដែលរដ្ឋបាលរាជធានី-ខេត្ត បានដាក់ចេញ។

*ទី៤៖ តំឡើងបញ្ជីកំណត់មុខសញ្ញាទីតាំងដើម្បីធ្វើការចុះត្រួតពិនិត្យឱ្យបានច្បាស់លាស់ពាក់ព័ន្ធក្នុងការល្មើសច្បាប់ និងបម្រាមនានា។

*ទី៥៖ ត្រូវធានាបានកម្លាំង មធ្យោបាយ សម្ភារ សម្រាប់បម្រើឱ្យកិច្ចប្រតិបត្តិការ៕