ក្រុមហ៊ុន Alphabet (Google) បានប្រកាសបង្ហាញរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី២ ឆ្នាំ២០២១ ដោយប្រាក់ចំណូល ដែល ទទួលបានខ្ពស់ជាងការរំពឹងទុក និងកើនឡើងដោយសារតែអ្នកប្រើប្រាស់ ភាគច្រើនបានចំណាយលុយដើម្បីធ្វើការផ្សព្វផ្សាយ ទៅលើ ការលក់ ទំនិញតាមអនឡាញ។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹង ថា នៅក្នុងត្រីមាសទី២កន្លងទៅនេះ Google យកចំណូលបានចំនួន ៦១.៨៨ពាន់លានដុល្លារ អាមេរិក ខណ:ដែលការរំពឹងទុករបស់ក្រុមអ្នកវិភាគមានត្រឹមតែ ៥៦.១៦ពាន់ លានដុល្លារអាមេរិក។
អ្វីដែលកាន់តែអស្ចារ្យនោះគឺប្រាក់ចំណូលបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្មនៅលើបណ្ដាញ YouTube មានចំនួនរហូតដល់ ៧ពាន់លានដុល្លារអាមេរិក ខណ:ដែលប្រាក់ចំណូលបានមកពី សេវាកម្ម Cloud មានចំនួន ៤.៦៣ពាន់លានដុល្លារអាមេរិក និងប្រាក់ ចំណូលបានមកពីលក់ Traffic មានចំនួន ១០.៩៣ពាន់លានដុល្លារអាមេរិក។
នៅក្នុងត្រីមាសទី២នេះ ក្រុមហ៊ុន Google ទទួលបានប្រាក់ចំណូលពីការផ្សព្វផ្សាយពាណិជ្ជ កម្មមានចំនួន ៥០.៤៤ពាន់លានដុល្លារអាមេរិក ដោយបានកើន ៦៩ភាគរយបើធៀបនឹងត្រី មាសមុន ដែលជាពេលវេលាមួយពិភពលោកកំពុងតែជួប វិបត្តិកូវីដ១៩ខ្លាំង។
យោងតាមសេចក្ដីប្រកាសរបស់ Google បានឱ្យដឹងថា គ្រប់សេវាកម្មរបស់ Google សុទ្ធតែមាន ប្រាក់ចំណូលកើនឡើងនៅក្នុង ត្រីមាសទី២នេះ ដោយប្រាក់ចំណូលពីការផ្សាយពាណិជ្ជកម្មនៅលើ YouTube កើនឡើង ៨៣ភាគរយ បើធៀបនឹងឆ្នាំមុន ចំណែក Cloud បានកើនឡើងពី ៣.០១ពាន់ លានដុល្លារ (ឆ្នាំមុន) មកដល់ ៤.៦៣ពាន់លានដុល្លារ។
លោក Philipp Schindler ប្រធានផ្នែកអាជីវកម្មរបស់ Google បានថ្លែងឱ្យដឹងថា នៅក្នុងអំឡុង ពេលវិបត្តិកូវីដ១៩នេះ មានប្រជាជន ជាច្រើនបានសម្រាក់នៅផ្ទះ ដែលជាហេតុធ្វើឱ្យក្រុមហ៊ុន ឬហាងលក់ទំនិញផ្សេងៗនៅលើពិភពលោកបានងាកមកធ្វើការផ្សព្វផ្សាយ នូវផលិតផល ឬសេវា កម្មរបស់ពួកគេតាមរយ:អនឡាញវិញ៕