ព្រះករុណា ចេញព្រះរាជសារលិខិតរំលែកទុក្ខជូន ជនរងគ្រោះទឹកជំនន់នៅខេត្តហ៊ឺណាន

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខយ៉ាងក្រៀមក្រំ និងសម្ដែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅ ក្នុងព្រះបរមនាមព្រះអង្គផ្ទាល់ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជូនចំពោះ លោក ស៊ី ជីនភីង (Xi Jinping) ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះការទទួលរងគ្រោះធម្មជាតិទឹកជំនន់ នៅក្នុងខេត្តហ៊ឺណាន (Henan) ។

យោងតាមរយៈព្រះរាជសារចុះថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ នេះ ព្រះករុណា បានមានព្រះរាជបន្ទូលថា“ខ្ញុំពិតជាមានការសោកស្តាយជាពន់ពេក និងសូមចូលរួមរំលែកទុក្ខជាមួយ ឯកឧត្តម ចំពោះការបាត់បង់ជីវិត និងមនុស្សរាប់ម៉ឺននាក់ត្រូវបានជម្លៀស ក្នុងគ្រោះមហន្តរាយទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅភាគកណ្តាលទីក្រុងជឹងចូវ (Zhengzhou) និងទីក្រុងជាច្រើនទៀតនៃខេត្តហ៊ឺណាន”។

ព្រះករុណា បានបញ្ជាក់បន្ថែមក្នុងព្រះរាជសារថា ទ្រង់ និងសម្តេចព្រះមហាក្សត្រី ជឿជាក់ថា ឯកឧត្តម រួមជាមួយនឹងបក្សកុម្មុយនីស្ត ក្រុមប្រឹក្សារដ្ឋ និងកងទ័ពរំដោះប្រជាជន និងប្រជាជនចិនទាំងអស់ នឹងជំនះបាននូវគ្រោះមហន្តរាយនេះជាក់ជាមិនខាន។

ខេត្តហ៊ឺណាន គឺជាខេត្តមួយដែលមានប្រជាពលរដ្ឋកំពុងតែទទួលរងនូវគ្រោះថ្នាក់បាត់បង់ជីវិតបំផ្លាញទ្រព្យសម្បត្តិជាច្រើននៅក្នុងទឹកជំនន់ដែលកើតមានឡើងកាលពីសប្តាហ៍មុន៕