រដ្ឋាភិបាលឥណ្ឌាកាលពីថ្ងៃព្រហស្បតិ៍ទី២២ កក្កដាបានច្រានចោលនូវការសិក្សាថ្មីៗដែលបង្ហាញថាមនុស្សរាប់លាននាក់បានស្លាប់ដោយកូវីដ១៩នៅក្នុងប្រទេសនេះគឺច្រើនជាងឆ្ងាយណាស់ពីចំនួនស្លាប់ផ្លូវការជិត ៤២០.០០០ នាក់។
កាលពីថ្ងៃអង្គារការសិក្សារបស់ក្រុមស្រាវជ្រាវអាម៉េរិក គឺមជ្ឈមណ្ឌលអភិវឌ្ឍន៍សកលបានលើកឡើងថាមានមនុស្សពី ៣,៤ លាននាក់ដល់ ៤,៧ លាននាក់បានស្លាប់នៅក្នុងប្រទេសឥណ្ឌាគឺចន្លោះពី ៨ ទៅ ១១ ដងនៃចំនួនផ្លូវការ។
ការសិក្សានេះអាចនឹងធ្វើឱ្យប្រទេសនេះមានចំនួនអ្នកស្លាប់ខ្ពស់បំផុតនៅលើពិភពលោក។ បច្ចុប្បន្នចំនួនចំនួនស្លាប់ផ្លូវការរបស់ឥណ្ឌាគឺ ៤១៩.០០០ នាក់តាមពីក្រោយសហរដ្ឋអាម៉េរិកចំនួន ៦១០.០០០ នាក់និងប្រេស៊ីលចំនួន ៥៤៥.០០០ នាក់។
ការសិក្សានេះគឺជាការដាក់មន្ទិលសង្ស័យចុងក្រោយបង្អស់ទៅលើចំនួនស្លាប់ផ្លូវការរបស់ឥណ្ឌាដោយផ្អែកលើការរក្សាកំណត់ត្រាដ៏ខ្សោយនិងអត្រាមរណភាពក្នុងមួយលាននាក់គឺប្រហែលពាក់កណ្តាលនៃអត្រាមធ្យមលើពិភពលោក។
ក្រុមអ្នកស្រាវជ្រាវបានពិនិត្យជាពិសេសទៅលើ “អត្រាមរណភាពហួសប្រមាណ” ចំនួនអ្នកស្លាប់បន្ថែមធៀបនឹងពេលវេលាធម្មតា និងអត្រាមរណភាពនៅប្រទេសដទៃទៀត។
ប៉ុន្តែរដ្ឋាភិបាលឥណ្ឌាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ទី២២កក្កដាថា វាគឺជា “ការសន្មតខ្វះការគោរពដោយមើលទៅលើស្ថានភាពរបស់អ្នកឆ្លងមេរោគកូរ៉ូណាជិតស្លាប់ទាំងអស់គឺមានលក្ខណៈដូចគ្នានៅគ្រប់ប្រទេសទាំងអស់”។
រដ្ឋាភិបាលនិយាយថា ការសន្មតថាការស្លាប់ពីវីរុសកូរ៉ូណាមានខ្ពស់យ៉ាងហ្នឹង គឺ “មិនបានផ្អែកលើអង្គហេតុទេ និង ជាការបំភ័ន្តទាំងស្រុង”។
រដ្ឋាភិបាលបានបន្ថែមទៀតថា ឥណ្ឌាមាន “យុទ្ធសាស្ត្រតាមដានទំនាក់ទំនងយ៉ាងហ្មត់ចត់ និង មានមន្ទីរពិសោធន៍សម្រាប់ធ្វើតេស្តិ៍ច្រើនសម្បើម” ហើយថាខណៈករណីឆ្លងខ្លះអាចមិនទាន់រកឃើញ “ការខកខានកត់ត្រាករណីស្លាប់គឺមិនទំនងទៅរួចទេ”៕