(វ៉ាស៊ីនតោន)៖ យោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១បានបញ្ជាក់ថាមន្ទីរការពារជាតិអាមេរិកបញ្ចកោណ បានប្រកាស នៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ថា យោធាអាមេរិកនៅប៉ុន្មានថ្ងៃចុង ក្រោយនេះ បានបើកការវាយប្រហារតាមផ្លូវអាកាស ដើម្បីគាំទ្រដល់កងកម្លាំងសន្តិសុខអាហ្វហ្គា នីស្ថាន។
អ្នកនាំពាក្យមន្ទីរបញ្ចកោណលោក ចន ឃើប៊ី (John Kirby) បានថ្លែងក្នុងសន្និសីទសារ ព័ត៌មានមួយថា «នៅរយៈពេលពីរបីថ្ងៃមកនេះ យើងបានចេញសកម្មភាព តាមរយៈការវាយ ប្រហារតាមផ្លូវអាកាស ដើម្បីគាំទ្រកងកម្លាំងការពារជាតិ និងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន (ANDSF)»។
អ្នកនាំពាក្យរូបនេះមិនបានពន្យល់បន្ថែម អំពីដំណើរការនៃការប្រយុទ្ធ តាមផ្លូវអាកាសនេះឡើយ។
ទោះជាយ៉ាងណា មន្ត្រីការពារអាមេរិកម្នាក់បានប្រាប់ ទីភ្នាក់ងារសារព័ត៌មាន អេភី (AP) ថា កងទ័ព សហរដ្ឋអាមេរិកបានធ្វើការវាយប្រហារ តាមផ្លូវអាកាសលើសពី ០៤លើក ដើម្បីគាំទ្រកងកម្លាំង អាហ្វហ្គានីស្ថាន នៅកំលុងថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ។
ការវាយប្រហារទាំងអស់ គឺសុទ្ធតែធ្វើឡើងទៅលើទីតាំងឈរជើង និងឃ្លាំងអាវុធដែលក្រុមឧទ្ទាមតាលីបង់ បានដណ្តើម យកពីកងកម្លាំងអាហ្វហ្គានីស្ថាន ហើយក្នុងនោះក៏មានមួយទីតាំង ស្ថិតនៅក្នុងខេត្តកង់ដាហា (Kandahar) ផងដែរ៕