ចិនបញ្ជាឲ្យអាជ្ញាធរថ្នាក់តំបន់ កែលម្អជាបន្ទាន់នូវវិធានការគ្រប់គ្រង និងឆ្លើយតបគ្រោះទឹកជំនន់

តាមការចេញផ្សាយ ដោយទីភ្នាក់ងារ Reuters នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកក្កដា ឆ្នាំ២០២១ គឺរដ្ឋាភិបាលចិនបានបញ្ជាឱ្យអាជ្ញាធរថ្នាក់តំបន់ នៅទូទាំងប្រទេស ធ្វើការកែលម្អជាបន្ទាន់នូវវិធាន ការគ្រប់គ្រង និងឆ្លើយតបទៅនឹងគ្រោះទឹកជំនន់ ជាពិសេសនៅតាមស្ថានីយរថភ្លើងក្រោមដី បន្ទាប់ ពីមនុស្សជាច្រើននាក់បានស្លាប់ ក្នុងគ្រោះទឹកជំនន់ជន់លិចស្ថានីយរថភ្លើងក្រោមដីមួយកន្លែង បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង ដែលកំពុងបន្តវាយប្រហារភាគកណ្ដាលនៃប្រទេស។

នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួន ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍នេះ ក្រសួងដឹកជញ្ជូនចិនបាន គូសបញ្ជាក់ដូច្នេះថា «ពួកគេត្រូវតែចាត់វិធានការបន្ទាន់ក្នុងនោះរួមមានការផ្អាកចរាចរណ៍រថភ្លើង, ការជម្លៀសអ្នកដំណើរ និងបិទស្ថានីយរថភ្លើងជាបណ្ដោះអាសន្ន នៅពេលប្រឈមមុខនឹងស្ថាការណ៍ គ្រោះថ្នាក់ ដូចជាខ្យល់ព្យុះជាដើម»។

សូមបញ្ជាក់ថា ចំនួនអ្នកស្លាប់នៅក្នុងគ្រោះទឹកជំនន់បានកើនដល់ ២៥នាក់ហើយ នៅក្នុងខេត្ត ហឺណាន (Henan) ភាគកណ្ដាលប្រទេសចិន ហើយក្នុងចំណោមជនរងគ្រោះទាំងនេះមាន ១២នាក់ ស្លាប់ដោយសារទឹកជន់លិចស្ថានីយរថភ្លើងក្រោមដី នៅក្នុងទីក្រុង ចឹងចូវ (Zhengzhou)៕