ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ដឹកនាំរៀបចំកិច្ចប្រជុំការងារបច្ចេកទេសចម្រុះលើសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី១០

ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធាន ក្រុមការងារបច្ចេកទេសចម្រុះវិស័យសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ នៅព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានដឹកនាំក្រុមការងារបច្ចេកទេសចម្រុះលើ សន្ដិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី១០ តាមប្រព័ន្ធវីដេអូ Zoom។

ថ្លែងក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី ក្នុងនាមជាប្រធានក្រុមការងារបច្ចេកទេស ចម្រុះ លើវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ បានវាយតម្លៃខ្ពស់ ចំពោះលេខាធិការដ្ឋាន នៃក្រុមការ ងារបច្ចេកទេស រួមនឹងអង្គការដៃគូ ដែលបានខិតខំរៀបចំកិច្ចប្រជុំនេះឡើងវិញ ឲ្យមានប្រក្រតីភាព តាមគន្លងថ្មី ក្នុងទស្សនាទានថ្មី នៃកិច្ចអភិវឌ្ឍសង្គម ដើម្បីឈានទៅសម្រេចបាននូវគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព ដែលរាជរដ្ឋាភិបាលបានកំណត់ ក្នុងឆ្នាំ២០៣០ ជាពិសេសគឺសម្រេច ឲ្យបាននូវស្មារតី «ដោយមិនទុកនរណាម្នាក់ឲ្យនៅឯកោ» ទោះបីក្នុងបរិបទដែលយើងទាំងអស់គ្នា កំពុងប្រយុទ្ធនឹងវីរុសកូវីដ១៩ និងស្មារតីរៀបចំផែនការស្តារឡើងវិញ លើកិច្ចអភិវឌ្ឍសេដ្ឋកិច្ច សង្គមកម្ពុជា ក្រោយវិបត្តិកូវីដ១៩។

នៅក្នុងកិច្ចប្រជុំលើកទី១០ នៃក្រុមការងារបច្ចេកទេសចម្រុះលើវិស័យសន្តិសុខស្បៀង និងអាហារូប ត្ថម្ភនាថ្ងៃនេះ មានគោលបំណងសំខាន់ពីរគឺ៖
ទី១៖ ពិនិត្យលើរបាយការណ៍វឌ្ឍនភាពនៃកិច្ចសន្ទនាថ្នាក់ជាតិ ស្តីពីប្រព័ន្ធស្បៀង និងទិសដៅ សម្រាប់អនុវត្តបន្ដ,
ទី២៖ពិនិត្យលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវស្តីពីប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជាឆ្ពោះទៅឆ្នាំ២០៣០។

ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី បានបន្ដទៀតថា ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់អគ្គលេ ខាធិការអង្គការសហប្រជាជាតិ ស្តីពីប្រព័ន្ធស្បៀងសកល ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យ កសិកម្ម និងជនបទ ដែលជាសេនាធិការ ជូនរាជរដ្ឋាភិបាល បានសហការយ៉ាងជិតស្និទ្ធជាមួយនឹងអង្គការ ដៃគូ ដើម្បីរៀបចំកិច្ចសន្ទនាជាមួយនឹងវិស័យពាក់ព័ន្ធដូចជាវិស័យកសិកម្ម បរិស្ថានឧស្សាហកម្ម ធនធានទឹក សុខាភិបាល ពាណិជ្ជកម្ម អប់រំ ផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ គាំពារសង្គម កិច្ចការនារី យុវជន និងវិស័យឯកជន ដើម្បីរៀបចំផែនទីបង្ហាញផ្លូវ ស្តីពីប្រព័ន្ធស្បៀងប្រកបដោយចីរភាព នៅកម្ពុជា។
ក្នុងនោះក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងក្រសួងការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ បានតែងតាំងលោក សុខ ស៊ីឡូ អគ្គលេខាធិការ ក.ក.ជ. ជាអ្នកកោះប្រជុំកិច្ច សន្ទនាថ្នាក់ជាតិ ក្នុងការសម្របសម្រួល ជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍សង្គមស៊ីវិល វិស័យឯកជនអ្នកសិក្សាស្រាវជ្រាវ និងក្រុម យុវជន ដើម្បីប្រមូលធាតុចូល សម្រាប់ការរៀបចំផែនទីបង្ហាញផ្លូវ ស្តីពីប្រព័ន្ធស្បៀងប្រកបដោយចីរភាពនៅកម្ពុជា។

ទន្ទឹមនេះ តួនាទីរបស់អ្នកសន្ទនាថ្នាក់ជាតិនេះ គឺជាជនបង្គោលរបស់កម្ពុជា ក្នុងការទំនាក់ទំនងជា មួយនឹងតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែករៀបចំកិច្ចប្រជុំកំពូលនានា ស្តីពីប្រព័ន្ធស្បៀងរបស់អង្គការសហប្រជាជាតិ។

របាយការណ៍វឌ្ឍនភាព និងផែនទីបង្ហាញផ្លូវ ស្តីពីប្រព័ន្ធស្បៀងនេះ គឺជាឯកសារដ៏មានសារៈសំខាន់ មួយ សម្រាប់គណៈប្រតិភូកម្ពុជា ដែលដឹកនាំដោយ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវយកទៅបង្ហាញជូន នៅក្នុងកិច្ចប្រជុំកំពូលត្រៀម ស្តីពីប្រព័ន្ធស្បៀង ដែលគ្រោងរៀបចំឡើង ដោយអង្គការសហប្រជាជាតិ ពីថ្ងៃទី២៦-២៨ ខែកក្កដា ឆ្នាំ២០២១ នៅទីក្រុងរ៉ូម ប្រទេសអ៊ុតាលី និងកិច្ចប្រជុំកំពូល នៃរដ្ឋសមាជិករបស់អង្គការសហប្រជាជាតិ ស្តីពីប្រព័ន្ធស្បៀង ដែលគ្រោង រៀបចំដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូយ៉ក នាខែកញ្ញា ឆ្នាំ២០២១ ខាងមុខ។

ឯកសារទាំងនេះ ក៏នឹងដាក់ឲ្យប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាផងដែរ ដើម្បីបង្កើនការយល់ដឹងរបស់ តួអង្គពាក់ព័ន្ធ ស្តីពីប្រព័ន្ធស្បៀង និងសហការអនុវត្ត ទៅតាមតួនាទី និងភារកិច្ចរៀងៗខ្លួន ដើម្បីធ្វើ ឲ្យប្រព័ន្ធស្បៀងកាន់តែមានភាពរឹងមាំ និងកាន់តែមានសមធមិ ហើយជាចុងក្រោយជំរុញឲ្យមាន វឌ្ឍនភាព នៃការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព នាឆ្នាំ២០៣០។

ដើម្បីសម្រេចបានចក្ខុវិស័យឆ្នាំ២០៣០ ស្តីពីប្រព័ន្ធស្បៀងនៅកម្ពុជា ដែលធានាឲ្យប្រជាជន កម្ពុជាគ្រប់រូប មានលទ្ធភាពទទួលបានស្បៀងអាហារគ្រប់គ្រាន់ មានតម្លៃសមរម្យ មានសុវត្តិភាព និងប្រកបដោយអាហារូបត្ថម្ភ និងបង្កលក្ខណៈអំណោយផលដល់ការផលិត និងការប្រើប្រាស់ប្រកប ដោយចីរភាព មានតុល្យភាពយូរអង្វែងរវាងផលិតកម្ម និងការអភិរក្សធនធានធម្មជាតិ លើកកម្ពស់ គុណភាពជីវិតប្រកបដោយសមធម៌បរិយាប័ន្ន ធន់នឹងភាពងាយរងគ្រោះ ឬវិបត្តិនានា គឺយើងត្រូវ រួមគ្នាធ្វើឲ្យប្រព័ន្ធស្បៀងរបស់យើងធានាបាននូវចីរភាព បរិស្ថាន សង្គម និងសេដ្ឋកិច្ច ដើម្បីផ្តល់នូវ សន្តិសុខស្បៀង និងអាហារូបត្ថម្ភ ជូនដល់ប្រជាជនយើង។

បន្ថែមពីនេះ ឧបនាយករដ្ឋមន្ដ្រី យឹម ឆៃលី អំពាវនាវគ្រប់តួអង្គពាក់ព័ន្ធក្នុងប្រព័ន្ធស្បៀងទាំងអស់ រួមមានកសិករ ផលិតករ អ្នកកែច្នៃម្ហូបអាហារ អ្នកបរិភោគ ពាណិជ្ជករ អ្នកលក់ដូរ អ្នកសិក្សាស្រាវ ជ្រាវ អ្នកធ្វើគោលនយោបាយ និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់ជាន់ថ្នាក់ ត្រូវចូលរួមដើម្បីរិះរក មធ្យោបាយល្អៗ និងដាក់ចេញនូវវិធានការចាំបាច់នានា ដើម្បីធ្វើការកែសម្រួលនូវរាល់ដំណាក់ កាលនីមួយៗ នៃប្រព័ន្ធស្បៀង រួមមានការផលិត ការកែច្នៃ ការចែកចាយ ការបរិភោគ និងការរក្សា ទុកកាកសំណល់ម្ហូបអាហារ ដើម្បីធ្វើឲ្យប្រព័ន្ធស្បៀងកាន់តែរឹងមាំ មានភាពធន់ទៅនឹងបម្រែ បម្រួលអាកាសធាតុ និងមានចីរភាព។

ទន្ទឹមនេះ ក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ បានរៀបចំក្រុមការងារដឹកនាំ សម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភថ្នាក់ខេត្ត ដើម្បីផ្តល់ឱកាសឲ្យស្ថាប័ន ថ្នាក់ក្រោមជាតិចូលរួមសកម្មនៅក្នុងក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកទៅតាម តួនាទីភារកិច្ចរៀងៗ ខ្លួនក្នុងការពង្រឹងពង្រីកប្រព័ន្ធស្បៀងឱ្យកាន់តែរឹងមាំ ធន់នឹងបម្រែបម្រួល អាកាសធាតុ និងមានចីរភាពនៅក្នុងសង្គមកម្ពុជា៕