អ្នកស្រី ផេង សឿន ដែលជាអ្នកចាក់វ៉ាក់សាំងទី៦លាន បានបង្ហាញក្តីត្រេកអរជាពន់ពេកក្រោយ ពេលបានចាក់វ៉ាក់សាំងកូវីដ១៩។ លោកស្រី ផេង សឿន បានយល់ឃើញថា ការចាក់វ៉ាក់សាំងកូវីដ ១៩នេះ មានសារសំខាន់ខ្លាំងណាស់ ក្នុងការការពារសុខភាពរបស់គាត់ពីការយាយីនៃជំងឺកូវីដ១៩។
អ្នកស្រី ផេង សឿន មានអាយុ ៦៧ឆ្នាំ ជាកសិករ រស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម។ អ្នកស្រីជាអ្នកចាក់វ៉ាក់សាំងកូវីដ១៩ ទី៦លាន នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១។ អ្នកស្រី ក៏ទទួលបានរង្វាន់លើកទឹកចិត្តពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយ ទទួលបានថវិកា ១០លានរៀល និងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។
រង្វាន់លើកទឹកចិត្តនេះ ត្រូវបានលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជា ប្រធានគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំង យកទៅប្រគល់ជូនលោកស្រី ផេង សឿន ដល់លំ នៅឋាននាព្រឹកថ្ងៃទី២០ ខែកក្កា ឆ្នាំ២០២១នេះ។
អ្នកស្រី ផេង សឿន បានបង្ហាញនូវក្តីត្រេកអរជាខ្លាំងនៅពេលទទួលបានប្រាក់រង្វាន់លើកទឹកចិត្ត ព្រោះប្រាក់រង្វាន់នេះ ក៏បានរួមចំណែកជួយដល់ជីវភាពរបស់អ្នកស្រី ដែលកំពុងមានស្ថានភាពខ្វះ ខាតផងនោះ។
សម្រាប់អ្នកស្រី ផេង សឿន ការទៅចាក់វ៉ាក់សាំងមិនបាននឹកឃើញថាត្រូវទទួលបានប្រាក់រង្វាន់ លើកទឹកចិត្តនោះទេ។ ការណ៍ដែលជំរុញឱ្យអ្នកស្រី ទៅចាក់វ៉ាក់សាំង គឺដើម្បីការពារសុខភាព របស់អ្នកស្រីពីការវាយលុកនៃជំងឺកូវីដ១៩បន្ទាប់ពីអ្នកស្រីបានឃើញព័ត៌មានបង្ហាញពីគ្រោះថ្នាក់របស់មនុស្ស ដែលមិនបានចាក់វ៉ាក់សាំង។
អ្នកស្រី ផេង សឿន បានថ្លែងគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានយកចិត្តទុកដាក់ និងបានរកវ៉ាក់សាំងមកចាក់ជូនរូបគាត់ ក៏ដូចជាប្រជាពលរដ្ឋ ដទៃទៀត។
«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់ជាវ៉ាក់សាំង ចាក់ឱ្យខ្ញុំបានរស់រានមានជីវិតនិងជួយឱ្យប្រជាជនទូទាំងប្រទេសមានសុខភាពមាំមួនការពារជំងឺកូវីដ១៩»។ នេះជាការលើកឡើងរបស់អ្នកស្រី ផេង សឿន។
សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ មកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋបានជាង ៦លាននាក់ ស្មើនឹងជាង ៦០ភាគរយហើយនៃចំនួនប្រជាពលរដ្ឋ ដែលកំណត់ក្នុងការចាក់វ៉ាក់សាំង។
រាជរដ្ឋាភិបាល គ្រោងបញ្ចប់ការចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋក្នុងផែនការកំណត់ឱ្យ រួចរាល់នៅអំឡុងខែវិច្ឆិកាឆ្នាំនេះ។ លទ្ធផលនៃការចាក់វ៉ាក់សាំងរបស់រាជរដ្ឋាភិបាល គឺសម្រេចបាន លឿនជាងផែនការ ដែលបានគ្រោងទុក។
ប្រជាពលរដ្ឋ ដែលបានចាក់វ៉ាក់សាំង បានបង្ហាញនូវការពេញ និងរីករាយជាខ្លាំង។
ពួកគេក៏បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានគិត គូរ ដាក់ចេញយុទ្ធសាស្ត្រ និងផែនការប្រកបដោយប្រសិទ្ធភាពក្នុងការរកវ៉ាក់សាំងចាក់ ជូនពួក គេដោយមិនគិតថ្លៃ៕