ប្រទេសឥណ្ឌូនេស៊ីរាយការណ៍ករណីស្លាប់ដោយវីរុសកូរ៉ូណាខ្ពស់បំផុតមិនធ្លាប់មាននៅមុនពិធីបុណ្យហារីរ៉ាយ៉ាហាជី

ឥណ្ឌូនេស៊ីបានរាយការណ៍ពីការស្លាប់ដោយវីរុសកូរ៉ូណាខ្ពស់បំផុតមិនធ្លាប់មានកាលពីថ្ងៃចន្ទទី១៩ កក្កដាខណៈប្រទេសដែលមានប្រជាជនច្រើនបំផុតទី ៤ នៅលើពិភពលោកមួយនេះកំពុងសម្រេចចិត្តថាតើត្រូវពន្យារពេលការបិទខ្ទប់ដោយផ្នែកជាបន្តដែលគ្រោងបញ្ចប់នៅថ្ងៃអង្គារទី ២០ កក្កដាឬយ៉ាងណា។

អ្នកជំងឺកូវីដ១៩ សរុបចំនួន ១.៣៣៨ នាក់បានស្លាប់ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ ដោយនាំឱ្យការស្លាប់សរុបកើនឡើងដល់ ៧៤.៩២០ នាក់ ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម។ការឆ្លងថ្មីមានចំនួនសរុប ៣៤.២៥៧ នាក់កាលពីថ្ងៃចន្ទ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេលពីរសប្តាហ៍កន្លងមកនេះ។

ចំនួននៃការធ្វើតេស្តិ៍កាលពីថ្ងៃចន្ទគឺ ១៦០.០០០ នាក់ ដែលទាបជាងមធ្យមភាគប្រចាំថ្ងៃជាង ២០០.០០០ នាក់។

ប្រទេសនេះមានករណីឆ្លងកូវីដសរុបចំនួន ២,៩១ លាននាក់។

ចំនួនអ្នកស្លាប់ខ្ពស់បំផុតប្រចាំថ្ងៃបានកើតឡើង ខណៈប្រទេសដែលមានប្រជាជនមូស្លីមធំជាងគេបំផុតនៅលើពិភពលោក ត្រៀមខ្លួនប្រារព្ធពិធីបុណ្យហារីរ៉ាយ៉ាហាជីនៅថ្ងៃអង្គារនេះនៅពេលដែលប្រជាជនមូស្លីមប្រមូលផ្តុំសម្រាប់ការចែករំលែកសាច់គោនិងចៀមប្រចាំឆ្នាំសម្រាប់អ្នកក្រីក្រនិងអ្នកខ្វះខាត។

សម្រាប់ពិធីបុណ្យហារីរ៉ាយ៉ាហាជីឆ្នាំនេះ រដ្ឋាភិបាលបានហាមឃាត់ការថ្វាយបង្គំព្រះនៅតាមបណ្តាទីក្រុងនិងតំបន់ដែលស្ថិតក្រោមការបិទខ្ទប់ដោយផ្នែក ដែលគ្របដណ្ដប់លើតំបន់ភាគច្រើននៃកោះជ្វានិងកោះបាលី និងទីតាំង ១៥ កន្លែងផ្សេងទៀតនៅទូទាំងប្រទេស៕