ការិយាល័យរបស់លោកប្រធានាធិបតីមូន ជែអ៊ីន បាននិយាយកាលពីថ្ងៃចន្ទទី ១៩ កក្កដាថា លោកមូនបានសម្រេចចិត្តមិនចូលរួមព្រឹត្តិការណ៍អូឡាំពិកនាពេលខាងមុខនេះនៅប្រទេសជប៉ុន ដោយកម្ទេចចោលនូវសង្ឃឹមថាប្រទេសទាំងពីរអាចនឹងធ្វើឱ្យប្រសើរឡើងនូវចំណងទាក់ទងដ៏អាប់អួរ ប្រសិនបើមេដឹកនាំរបស់ពួកគេធ្វើកិច្ចប្រជុំកំពូលទ្វេភាគីលើកដំបូងនៅខាងក្រៅការប្រកួតអូឡាំពិក។
ការប្រកាសនេះបានកើតឡើងចំពេលមានកំហឹងជាសាធារណៈនៅក្នុងប្រទេសកូរ៉េខាងត្បូងជុំវិញការអត្ថាធិប្បាយហួសហេតុរបស់អ្នកការទូតជប៉ុនជាន់ខ្ពស់ម្នាក់នៅទីក្រុងសេអ៊ូល ដែលកាលពីសប្តាហ៍មុនបានពណ៌នាកិច្ចខិតខំប្រឹងប្រែងរបស់លោកមូនដើម្បីធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងរវាងប្រទេសទាំងពីរថាដូច “ការសម្រេចកាមដោយខ្លួនឯង” (ចង់សំដៅថារំភើបខ្លាំង)។
អ្នកនាំពាក្យរបស់លោកមូន ឈ្មោះផាក ស៊ូយុន បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសទាំងពីរមាន “ការពិភាក្សាប្រកបដោយអត្ថន័យ” ស្តីពីវិធីដើម្បីពន្លឿនទៅមុខពីបញ្ហាប្រវត្តិសាស្ត្រនិងជំរុញកិច្ចសហប្រតិបត្តិការដែលផ្តោតលើអនាគត រួមទាំងការធ្វើកិច្ចប្រជុំកំពូលលើកដំបូងរវាងលោកមូននិងនាយករដ្ឋមន្ត្រីជប៉ុន យ៉ូស៊ីហ៊ីដេ ស៊ូហ្គា ដែលចូលកាន់តំណែងកាលពីខែកញ្ញាឆ្នាំមុន។
លោកផាកបានបន្ថែមទៀតថា “ភាគីទាំងពីរបានធ្វើឱ្យមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ ប៉ុន្តែវានៅមិនគ្រប់គ្រាន់ទេដើម្បីឱ្យមានកិច្ចប្រជុំកំពូល”។
លោកបានបន្ថែមដោយមិនបញ្ជាក់ថា “ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងដោយពិចារណាលើកាលៈទេសៈផ្សេងទៀតផងដែរ”។
មន្ត្រីម្នាក់ទៀតមកពីការិយាល័យរបស់លោកមូនបាននិយាយថា ពួកគេនឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីឱ្យមានកិច្ចពិភាក្សាជាមួយជប៉ុនហើយពួកគេសង្ឃឹមថានឹងអាចមានឱកាសមួយទៀតសម្រាប់មេដឹកនាំទាំងពីរបានជួបគ្នា៕