រដ្ឋមន្ត្រីការពារជាតិលោក ឡយ អូស្ទីននឹងមកធ្វើទស្សនកិច្ចសិង្ហបុរី វៀតណាមនិងហ្វីលីពីននៅសប្តាហ៍នេះ ក្នុងដំណើរមកកាន់អាស៊ីអាគ្នេយ៍លើកដំបូងដោយមន្ត្រីជាន់ខ្ពស់ម្នាក់របស់រដ្ឋការលោកចូ បៃដិន។
អ្នកនាំពាក្យក្រសួងការពារជាតិអាម៉េរិកបាននិយាយថា « ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីអូស្ទីន នឹងស្តែងអោយឃើញសារសំខាន់អំពីទីកន្លែងដែលរដ្ឋាភិបាលលោកបៃដិន-លោកស្រីហារីសចាប់អារម្មណ៍នៅអាស៊ីអាគ្នេយ៍និងអំពីអាស៊ាន ថាជាផ្នែកនៃស្ថាបត្យកម្មរបស់តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
វានឹងបញ្ជាក់អំពីការតាំងចិត្តរបស់អាម៉េរិកចំពោះតំបន់និងចំណាប់អារម្មណ៍របស់យើងនៅក្នុងការរក្សាសណ្តាប់ធ្នាប់ផ្អែកលើច្បាប់ទម្លាប់នៅក្នុងតំបន់និងជំរុញសារសំខាន់របស់អាស៊ាន»។
ត្រូវចេញដំណើរនៅថ្ងៃសុក្រ លោកអូស្ទីននឹងឈប់នៅអាឡាស្កា មុនតម្រង់មកកាន់តំបន់។នៅសិង្ហបុរី លោកនឹងថ្លែងក្នុងព្រឹត្តិការណ៍មួយរៀបចំឡើងដោយវិទ្យាស្ថានអន្តរជាតិសំរាប់ការសិក្សាយុទ្ធសាស្ត្រ។
ខណៈដែលភាពតឹនតឹងអំពីការអះអាងដែនទឹកនៅសមុទ្រចិនខាងត្បូងកំពុងពុះឡើងព្រលៗ និងចិនប៉េកាំងកំពុងសម្លឹងទៅរកការពង្រឹងការអះអាងដ៏ធំល្វឹងល្វើយរបស់ខ្លួន រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនសង្ឃឹមបង្កើតកិច្ចសហការជាមួយបណ្តាប្រទេសក្នុងតំបន់ដើម្បីជាមធ្យោបាយរួមគ្នាមួយទល់នឹងគោលនយោបាយរបស់ចិន។
ឃឺត ខាំបែល អ្នកសម្របសម្រួលតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិករបស់ក្រុមប្រឹក្សាសន្តិសុខជាតិអាម៉េរិក បាននិយាយក្នុងកម្មវិធីមួយកាលពីថ្ងៃ៦កក្កដាថា « សំរាប់យុទ្ធសាស្ត្រអាស៊ីមានប្រសិទ្ធភាពមួយ សំរាប់មធ្យោបាយឥណ្ឌូ-ប៉ាស៊ីហ្វិកមានប្រសិទ្ធភាពមួយ អ្នកត្រូវតែធ្វើការងារច្រើនទៀតនៅអាស៊ីអាគ្នេយ៍»។
សំរាប់អាម៉េរិក ការធ្វើអោយប្រសើរឡើងទំនាក់ទំនងជាមួយរដ្ឋាភិបាលក្រុងម៉ានីល នឹងជាកន្លឹះសំខាន់ចំពោះគោលនយោបាយងាកមកកាន់អាស៊ីអាគ្នេយ៍របស់ខ្លួន។គេរំពឹងថា រដ្ឋាភិបាលលោកបៃដិននឹងបញ្ចុះបញ្ចូលអោយហ្វីលីពីនរក្សាទុកកិច្ចព្រមព្រៀងមួយសំរាប់វត្តមានយោធាអាម៉េរិកនៅក្នុងប្រទេសនេះ។
ទំនងជាក្នុងគោលបំណងនេះហើយបានជាកាលពីខែមុនក្រសួងការបរទេសអាម៉េរិកបានអនុម័តលក់គ្រឿងសព្វាវុធតំលៃ២,៦ពាន់លានដុល្លារអោយហ្វីលីពីន រួមមានយន្តហោះប្រយុទ្ធF-16ផង។
ក្នុងពេលជាមួយគ្នាឳកាសបង្កើតទំនាក់ទំនងជាមួយវៀតណាមក៏ខ្ពស់ដោយសារតែរដ្ឋាភិបាលក្រុងហាណូយកាន់តែបារម្ភខ្វល់ខ្វាយនឹងចិនប៉េកាំង ណាមួយខ្លួនក៏មានជម្លោះដណ្តើមកាន់កាប់កោះនៅសមុទ្រចិនខាងត្បូងជាមួយចិនផងដែរ។សូមបញ្ជាក់ថា កងទ័ពជើងទឹកអាម៉េរិកមានកងបញ្ជាការភស្តុភាមួយនៅហ្វីលីពីន និងបានបញ្ជូននាវាចម្បាំងព្រមទាំងយន្តហោះឈ្លបយកការណ៍ទៅទីនោះសំរាប់ការល្បាតនៅសមុទ្រចិនខាងត្បូង៕