រលំគ្រឿងស្ទូចនៅលើដំបូងអគារខុនដូ ក្នុងទីក្រុង Toronto ប៉ុន្តែពុំមានមនុស្សរងគ្រោះថ្នាក់ទេ

ម៉ាស៊ីនស្ទូចមួយគ្រឿងបានរលំនាថ្ងៃសៅរ៍សប្តាហ៍នេះ នៅលើដំបូងអគារខុនដូមួយកន្លែង ក្នុងតំបន់ទីប្រជុំជននៃទីក្រុងតូរ៉ុនតូ (Toronto) ប្រទេសកាណាដា។ នេះបើតាមការចេញផ្សាយដោយបណ្តាញសារព័ត៌មាន CNN នៅថ្ងៃអាទិត្យ ទី១១ ខែកក្កដា ឆ្នាំ២០២១។

ហេតុការណ៍ខាងលើបានកើតឡើង នាវេលាម៉ោងខ្ទង់២រសៀល (ពេលវេលាក្នុងតំបន់នៅកាណាដា) នៅឯអគារខុនដូឈ្មោះថា អេច ឌិ អេសភ្លេណាដ (8 The Esplanade) ដែលមានកម្ពស់ជាង៥០ជាន់។ អាជ្ញាធរទីក្រុងតូរ៉ុនតូ បានឲ្យដឹងថា ផ្នែកទប់លំនឹងរបស់ម៉ាស៉ីនស្ទូចខ្នាតតូចមួយគ្រឿង បានធ្លាក់ចុះពីកម្ពស់៦ម៉ែត្រមកលើដំបូងអគារ។

សូមបញ្ជាក់ថា យ៉ាងណាមិញ វាបានបង្កការខូចខាតបន្តិចបន្តួចប៉ុណ្ណោះ នៅលើដំបូងអគារ និងមិនបណ្តាលឲ្យមានមនុស្សរងគ្រោះថ្នាក់ឡើយ ដ្បិតជាន់នៅលើៗបំផុតរបស់ខុនដូនោះ គឺប្រើប្រាស់សម្រាប់ការងារម៉េកានិច។ ឥឡូវក្រុមអ្នកទទួលខុសត្រូវលើគ្រឿងស្ទូចនោះ កំពុងចាត់ចែងឧបករណ៍ ដើម្បីរុះរើវាចេញតែម្តង៕