សម្តេច Pope Francis មានបំណងបំពេញទស្សនកិច្ច ទៅកាន់កូរ៉េខាងជើង ទោះបីដឹងថាពិបាកនឹងទៅរួច

យោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ ២០២១គឺបានបញ្ជាក់អោយដឹងថានាយកសេវាកម្មស៉ើបការសម្ងាត់ជាតិកូរ៉េខាងត្បូង លោក ផាក ជីវ៉ុន (Park Jie-won) បានបង្ហើបប្រាប់អ្នកចូលរួមពិធីមួយនៅទីក្រុង ម៉ុកផូ (Mokpo) ប្រទេសកូរ៉េ ខាងត្បូងនៅសប្តាហ៍នេះថា លោកមានបំណងពិភាក្សាអំពីការរៀបចំ ដំណើរទស្សនកិច្ចមួយរបស់ សម្តេច ប៉ាប ហ្វ្រង់ស៉ីស (Pope Francis) រួមជាមួយមន្ត្រីអមដំណើរសំខាន់ៗពីររូបទៀត។

ការបង្ហើបពីសំណាក់លោក ផាក ជីវ៉ុន (Park Jie-won) អំពីបំណងនៃការរៀបចំដំណើរទស្សនកិច្ច ទៅកាន់ប្រទេសកូរ៉េខាងជើងរបស់សម្តេច Pope Francis ត្រូវបានរាយការណ៍ជាលើកដំបូង ដោយ ទីភ្នាក់ងារព័ត៌មាន ហ្វាយដ៍ (Fides) ដែលទំនងជាបានទទួលដំណឹងនេះ ពីមន្ត្រីជំនិតម្នាក់របស់ សម្តេច Pope។

បើតាមមន្ត្រីរបស់សម្តេច Pope សម្តេចពិតជាចង់បំពេញទស្សនកិច្ច ទៅកាន់ប្រទេសកូរ៉េខាង ជើងខ្លាំងណាស់ ដោយស្ថិតនៅក្នុងគោលដៅ លើកកម្ពស់នូវសន្តិភាពក្នុងឧបទ្វីបកូរ៉េ បើទោះបី ជាទ្រង់ដឹងថា ព្រះរាជបំណងមួយនេះ មានសង្ឃឹមតិចតួចដែលអាចកើតឡើងក្តី។

សូមបញ្ជាក់ថា ទើបតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីការវះកាត់ សម្តេច Pope Francis បានកាត់បន្ថយ ការបង្ហាញខ្លួនជាសាធារណៈជាបណ្តោះអាសន្ន ប៉ុន្តែទ្រង់គ្រោងនឹងធ្វើទស្សនកិច្ច ទៅកាន់ប្រទេស ស្លូវ៉ាក (Slovakia) និងប្រទេសហុងគ្រី (Hungary) នៅខែកញ្ញាខាងមុខនេះ៕