កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុបលើកទី២ បន្តទៅថ្ងៃទី២៦-២៧ ខែកក្កដា ស្ដីពីការស្ដារឡើងវិញ នៃសង្គមសេដ្ឋកិច្ចក្រោយជំងឺកូវីដ-១៩ ដែលជាគំនិតផ្តួចផ្តើមរបស់កម្ពុជា

កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុបលើកទី២ ដោយមានការចូលរួមពីដៃគូ ASEM ទាំង៥៣ប្រទេសនិងស្ថាប័ន បានបន្តកិច្ចប្រជុំរបស់ខ្លួននៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ នេះ ដឹកនាំដោយ ឯកឧត្តម លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ធ្វើជាសហប្រធានជាមួយសហភាពអឺរ៉ុប (EU)។ កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុបលើកទី២ នេះ មានរយៈពេលពីរថ្ងៃគឺនៅថ្ងៃទី៧ និងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១។

ឯកឧត្តម លុយ ដាវីត អនុប្រធានគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ បានមានប្រសាសន៍ប្រាប់នៅយប់ថ្ងៃទី៩ ខែកក្កដា នេះថា កិច្ចប្រជុំកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុបលើកទី២ កាលពីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២១ បានពិភាក្សាទៅលើខ្លឹមសារលើសេចក្តីព្រាងសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្ដីពីការស្ដារឡើងវិញនៃសង្គម-សេដ្ឋកិច្ចក្រោយជំងឺកូវីដ-១៩ ដែលជាគំនិតផ្តួចផ្តើមរបស់កម្ពុជា។ ដោយកិច្ចប្រជុំនឹងបន្តទៅថ្ងៃទី២៦-២៧ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ ដើម្បីបន្តពិភាក្សាដែលនៅសេសសល់មួយចំនួនទៀត។

ឯកឧត្តមបានបន្តថា កិច្ចប្រជុំឧត្តមមន្ត្រីអាស៊ី-អឺរ៉ុបលើកទី២ គឺមានរយៈពេល២ថ្ងៃ នៅថ្ងៃទី៧ និងថ្ងៃទី៩ ខែកក្កដាដោយបានពិភាក្សាលើសេចក្តីព្រាងសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ ស្ដីពីការស្ដារឡើងវិញនៃសង្គម-សេដ្ឋកិច្ចក្រោយជំងឺកូវីដ-១៩ ដែលជាគំនិតផ្តួចផ្តើមរបស់កម្ពុជា។

ឯកសារដ៏សំខាន់នេះនឹងត្រូវអនុម័តដោយថ្នាក់ដឹកនាំ ASEM ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី ១៣ នាខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ ។

ឯកឧត្តម លុយ ដាវីត បានបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានឯកភាពកំណត់យកកាលបរិច្ឆេទថ្មី គឺថ្ងៃទី២៥-២៦ ខែវិច្ឆិកាដើម្បីរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13)។

សូមបញ្ជាក់ថា ជាលើកទី១ហើយ តាំងពីឆ្នាំ១៩៩៦មក ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ដែលរៀបចំធ្វើ២ឆ្នាំម្តង។ កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ( ASEM13) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនឹងប្រព្រឹត្តទៅពីថ្ងៃទី២៥-២៦ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខនេះ។

តាមគម្រោងកម្ពុជាត្រូវរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅរាជធានីភ្នំពេញ។ ប៉ុន្តែដោយសារមានការឆ្លងរាលដាលនៃជំងឺកូវីដ រាជរដ្ឋាភិបាលក៏បានលើកពេលនៃកិច្ចប្រជុំនេះ។

ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ធ្លាប់បានបញ្ជាក់ថា កម្ពុជាក៏នឹងរៀបចំព្រឹត្តិការណ៍ក្រៅកិច្ចប្រជុំកំពូលចំនួន ០៧ រួមមានៈ (១) កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប (២) វេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប (៣) កិច្ចប្រជុំកំពូលថ្នាក់ដឹកនាំវ័យក្មេងមូលនិធិអាស៊ី-អឺរ៉ុប (៤) វេទិកាតុមូលនិពន្ធនាយកមូលនិធិអាស៊ី-អឺរ៉ុប (៥) វេទិកាការងារអាស៊ី-អឺរ៉ុប (៦) វេទិកាប្រជាជនអាស៊ី-អឺរ៉ុប និង (៧) មហោស្រពវប្បធម៌កិច្ចប្រជុំអាស៊ី-អឺរ៉ុប។

រដ្ឋមន្រ្តីក្រសួងការបរទេសបានបន្តថា កិច្ចប្រជុំអាស៊ី-អឺរ៉ុប ជាវេទិកាសន្ទនាដែលមានគោលដៅជំរុញ និងលើកស្ទួយកិច្ចសហប្រតិបត្តិការជិតស្និទ្ធរវាងប្រទេសអាស៊ី និងអឺរ៉ុប ដែលឈរលើគោលការណ៍ស្មើភាពគ្នា និងដើម្បីប្រយោជន៍រួម។

សមាជិកនៃវេទិកានេះមានប្រទេសអាស៊ី និងអឺរ៉ុបសរុបទាំងអស់ ៥១ បូកជាមួយលេខាធិការដ្ឋានអាស៊ាន និង សហភាពអឺរ៉ុប។ នេះគឺជាលើកទី១ហើយ តាំងពីឆ្នាំ ១៩៩៦មក ដែលកម្ពុជាបានទទួលធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ដែលរៀបចំធ្វើ២ឆ្នាំម្តង។

កិច្ចប្រជុំនេះ គឺជាការបើកផ្លូវឲ្យមានជំនួបពិភាក្សាក្នុងក្របខណ្ឌតំបន់ និងសកលលោកទាំងមូល រួមមានទាំងបញ្ហានយោបាយ ការទូត ការអភិវឌ្ឍ បរិស្ថាន អាកាសធាតុ ការលើកកម្ពស់សមភាពស្រ្តី និងកុមារី ការផ្សារភ្ជាប់ទំនាក់ទំនងរវាងអាស៊ី និងអឺរុប សន្តិសុខ ការទប់ស្កាត់ភេរវកម្ម ជនអន្តោប្រវេសន៍ សេដ្ឋកិច្ច ការវិនិយោគ ទេសចរណ៍ និងបច្ចេកវិទ្យាព័ត៌មានវិទ្យាជាដើម៕