អាជ្ញាធរបន្តរកឃើញពលរដ្ឋ និងអាជីវករផ្សារព្រែកដាច់ នៅស្រុកលើកដែក ខេត្តកណ្ដាល វិជ្ជមានជំងឺកូវីដ ចំនួន២២នាក់ថែមទៀត សរុប៥៦នាក់

មន្ត្រីសុខាភិបាល នៃរដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១នេះ បានរកឃើញអាជីវករនៅផ្សារព្រែកដាច់ និងប្រជាពលរដ្ឋចំនួន ២២នាក់បន្ថែមទៀត មានវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន៥៦នាក់, អាជ្ញាធរស្រុកបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំ ពោះការឆ្លងរីករាលដាលដែលជំងឺកូវីដ១៩នេះ។

បើតាមលោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកលើកដែក បានឱ្យដឹងថា «សម្រាប់ថ្ងៃនេះបន្ទាប់ពីក្រុមការងារមន្ត្រីសុខាភិបាលខេត្តកណ្ដាលបានធ្វើតេស្តរហ័សទៅលើពលរដ្ឋចំនួន ៤៧៨នាក់បន្ថែមទៀតរួចមក ជាលទ្ធផលឃើញថាមានក្រុមអាជីវករ និងប្រជាពលរដ្ឋចំនួន ២២នាក់ មានផ្ទុកវិជ្ជមានកូវីដ១៩ ហើយផ្សារត្រូវបានបិទជាបណ្ដោះអាសន្ន ព្រមទាំងសុំគោលការណ៍តំបន់នេះ ជាតំបន់ក្រហម និងស្រាវជ្រាវដល់គេហដ្ឋានក្នុងទិសដៅទប់ស្កាត់មិនឆ្លងតទៅទៀត»។

លោកអភិបាលស្រុក ក៏បានអំពាវនាវដល់បងប្អូនដែលបានធ្វើតេស្តរួចមានលទ្ធផលអវិជ្ជមាន បន្តធ្វើចត្តាឡីស័កខ្លួនឯងនៅផ្ទះរៀងៗខ្លួនចំនួន១៤ថ្ងៃបន្តទៀត និងតាមដានសុខភាពខ្លួនឯងជាប្រចាំ ដើម្បីច្បាស់ការថាមិនមានរោគសញ្ញាកូវីត១៩ នោះទេ ខណៈដែលការធ្វើសំណាកលើកទី២ នឹងធ្វើនៅទីតាំងមុខផ្សារដដែល រយៈពេល១៣ថ្ងៃទៀត។

លោកអភិបាលស្រុកក៏បានសំណូមពរដល់ប្រជាពលរដ្ឋសូមមេត្តាចូលរួមទាំងអស់គ្នា ដើម្បីកាត់ផ្តាច់ការចំលង ឱ្យបានលឿនបំផុតក្នុងសហគមន៍ តាមរយៈការអនុវត្តនូវវិធានការ «៣កុំ និង៣ការពារ» ឱ្យបានខ្ជាប់ខ្ជួនទាំងអស់គ្នា។

សូមជម្រាបថា កាលពីម្សិលមិញ ក្រុមគ្រូពេទ្យបានរកឃើញក្រុមអាជីវករផ្សារព្រែកដាច់ និងប្រជាពលរដ្ឋចំនួន៣៤នាក់ ទៅលើមនុស្ស ៣០២នាក់។ ដូច្នេះ រយៈពេល២ថ្ងៃមកនេះ មនុស្សចំនួន ៧៨០នាក់ ត្រូវបានធ្វើតេស្ត ជាលទ្ធផលរកឃើញអ្នកឆ្លងសរុបមានចំនួន ៥៦នាក់៕