ឯកឧត្តម ផៃ ស៉ីផាន រំលឹកថា សម្តេចតេជោពុំបានសម្រាកពេញមួយយប់ តាមដានលទ្ធផលកាត់ក្តីប្រាសាទព្រះវិហារ ដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក

(ភ្នំពេញ)៖ ក្នុងឱកាសខួប ១៣ឆ្នាំ នៃការដាក់ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភព នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ផៃ ស៊ីផាន ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងសាររំលឹកថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ពេលនោះពុំបានសម្រាកពេញមួយយប់ ដើម្បីតាមដានលទ្ធផលកាត់ក្តីប្រាសាទព្រះវិហារ ដាក់ជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីឆ្នាំ២០០៨។

ប្រាសាទព្រះវិហារ ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ សម្រេចដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ក្នុងកិច្ចប្រជុំលើកទី៣២ នៅទីក្រុងកេបិច ប្រទេសកាណាដា។ ការណ៍ដែលអង្គការយូណេស្កូ សម្រេចដាក់ប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺជាជោគជ័យដ៏មហាសាលរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ បន្ទាប់ពីទាមទារសិទ្ធិក្នុងការគ្រប់គ្រងឡើងវិញពីប្រទេសថៃ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ក្រោមព្រះរាជបូជនីយកិច្ចដ៏ឧត្តុងឧត្តមរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។

ឯកឧត្តម ផៃ ស៊ីផាន បានថ្លែងសារយ៉ាងដូច្នេះ៖ «នៅក្នុងនេះដែរ ខ្ញុំនៅចាំបានថា សម្តេចតេជោ លោកពុំបានសម្រាកពេញមួយយប់ នៅតាមដានលទ្ធផលសម្រេចរបស់គណៈកម្មាធិការ នៅក្រុងកេបិច ប្រទេសកាណាដា។ យើងចាំបានថា នៅតាមវត្តអារាម គ្រឹះស្ថានរដ្ឋ និងសាលារៀន មានពិធីជួបជុំព្រះសង្ឃ មន្ត្រីរាជការ និងសិស្សសាលា ដើម្បីទូងស្គរ និងវាយជួង នៅម៉ោង៧ ព្រឹក ដើម្បីអបអរសាទរប្រាសាទព្រះវិហារ បានដាក់បញ្ជូលជាសម្បត្តិបេតិកភណ្ឌពិភពលោក»។

ឯកឧត្តមបន្តថា ប្រាសាទព្រះវិហារ ជារមណីដ្ឋានសក្ដារៈ ដែលបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក គឺជានិម្មិតសញ្ញាមួយ នៃកិច្ចសហប្រតិបត្តិការ និងឯកភាពជាឯកច្ឆ័ន្ទគ្រប់ភាគីពាក់ព័ន្ធទាំងអស់។ ប្រាសាទព្រះវិហារនេះ គឺគណៈកម្មាធិការបេតិភណ្ឌពិភពលោកក៏ដូចជាគណៈកម្មាធិការប្រាង្គប្រាសាទពិភពលោក បានវាយតម្លៃថាប្រាសាទព្រះវិហារមានតម្លៃនៃស្នាដៃមនុស្សជាតិ និងបេតិកភណ្ឌមនុស្សជាតិ លេចធ្លោគ្មានពីរដែលពុំអាចកាត់ថ្លៃបាន។ មនុស្សជាតិទាំងអស់ នៅលើសកលលោកត្រូវមានកាតព្វកិច្ច អភិរក្ស រក្សា ការពារ ជួលជុល ដោយគ្មានរើសអើង។

នេះជាមោទកភាព របស់ពូជពង្សខ្មែរ ដែលដូនតាបុព្វបុរស កសាងទុកជាមរតក នៅក្នុងការងារដាក់បញ្ចូលប្រាសាទព្រះវិហារ ក្នុងបេតិកភណ្ឌពិភពលោក ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ដោយមាន សម្តេចវិបុលបញ្ញា សុខ អាន ជាអ្នកដឹកនាំគណៈប្រតិភូ ក្នុងកិច្ចការនេះ បានធ្វើឱ្យពិភពលោក ទទួលស្គាល់ នូវសមត្ថភាពការងារកាទូតខ្នាតអន្តរជាតិដែលការវិនិច្ឆ័យនៃអង្គប្រជុំគណៈកម្មាធិការបេតិកភណ្ឌពិភពលោក គោះញញួរសម្រេច ទទួលយកប្រាសាទព្រះវិហារ ដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកហើយ។ ក្នុងឱកាសនោះ មិត្តថៃ ក៏ឯកភាពគ្មានកិច្ចតវ៉ាឡើយ។ ដ្បិតការដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌ ពិភពលោកនេះ គឺជាទិសដៅ វប្បធម៌ កិច្ចអភិរក្ស ថែរក្សា ស្នាដៃមនុស្សជាតិជាសកល។ ទោះបីជាមានការប្រឈម និងខ្វែងគំនិតគ្នារវាងកម្ពុជានិងមិត្តថៃយ៉ាងណាក៏ដោយក៏ សម្តេចវិបុលបញ្ញា បានធ្វើឱ្យមត្តិថៃជាមិត្តរួមចំណែកជាគណៈកម្មាធិការសមាជិកអភិរក្សប្រាសាទ ព្រះវិហារនេះផងដែរ។

ឯកឧត្តម ផៃ ស៊ីផាន បន្ថែមថា «នៅក្នុងនោះសហប្រធាននៃគណៈកម្មាធិការនេះ គឺមានមិត្តចិន និងមិត្តឥណ្ឌា រួមចំណែកជាមួយ មិត្តសហរដ្ឋអាមេរិក ស្ថិតនៅក្នុងគណៈកម្មាធិការអភិរក្សនេះផងដែរ។ នៅក្នុងនេះ ខ្ញុំសូមអរគុណចំពោះ មិត្តសហរដ្ឋអាមេរិក ដែលលោកជួយជ្រោមជ្រែងក្នុងដំណើរការនៃការដាក់ប្រាសាទព្រះវិហារចូលក្នុងសម្បតិ្តបេតិកភណ្ឌពិភពលោក ហើយនេះជាស្នាដៃ និងគោលនយោបាយគ្រឹះរបស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលអនុវត្តកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងល្អ ធ្វើឱ្យការប្រឈមក្លាយទៅជាដៃគូសហប្រតិបត្តិការដែលជាមរតកនយោបាយមួយសម្រាប់កុលបុត្រ កុលធីតាខ្មែរ»។

ឯកឧត្តមថ្លែងទៀតថា «ជាមួយនេះផងដែរ យើងខ្ញុំសូមគោរពនូវវិញ្ញាណក្ខ័ន្ធរបស់សម្តេចវិបុលបញ្ញា សុខ អាន ជាមួយនឹងបទពិសោធន៍ដែលលោកបានបន្សល់ទុកជាមេរៀន និងប្រវត្តិសាស្រ្ត ដែលសម្រេចបានដោយជោគជ័យដ៏ធំធេងសម្រាប់ជាតិនេះ»។

សូមជម្រាបផងដែរថា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ តុលាការយុត្តិធម៌ទីក្រុងឡាអេ បានសម្រេចរក្សាសេចក្តីសម្រេចឆ្នាំ១៩៦២ ដែលប្តឹងដោយសម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ដោយបញ្ជាក់ថា ប្រាសាទព្រះវិហារ គឺជារបស់សម្បត្តិរបស់កម្ពុជា៕