យន្តហោះរុស្ស៉ីផ្ទុកមនុស្ស ២៨នាក់ បាត់ដំណឹងនៅតំបន់ចុងបូព៌ាប្រទេស

តាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AP នារសៀលថ្ងៃអង្គារ ទី០៦ ខែ កក្កដា ឆ្នាំ២០២១ ។ យន្តហោះមួយគ្រឿងរបស់រុស្ស៊ី ដែលផ្ទុកមនុស្សសរុប ២៨នាក់ បានបាត់ ដំណឹងនៅលើតំបន់ឧប ទ្វីប កាមឆាតកា (Kamchatka) ស្ថិតនៅដែនដីចុងបូព៌ានៃប្រទេសរុស្ស៊ី។

យន្តហោះដែលកំពុងបាត់ដំណឹងខាងលើនេះ គឺជាប្រភេទ An-26 ផ្ទុកមនុស្សសរុប ២៨នាក់ ក្នុងនោះ ២២នាក់ជាអ្នកដំណើរ និង ០៦នាក់ទៀត ជាក្រុមអាកាសយានិក និងអ្នកបម្រើការងារ លើយន្តហោះនោះ។

បើតាមអាជ្ញាធររុស្ស៊ី យន្តហោះធុនមធ្យមនេះបានធ្វើដំណើរចេញពីទីក្រុង ផេត្រូផាវឡូវ កាមឆាតស្គី (Petropavlovsk-Kamchatsky) សំដៅទៅកាន់ភូមិមួយឈ្មោះ ផាឡា ណា (Palana) ស្ថិតនៅក្នុងឧបទ្វីប Kamchatka ប៉ុន្តែកំលុងការធ្វើដំណើរនោះ វាក៏បានដាច់ការ ទាក់ទងពីប្រព័ន្ធរ៉ាដាតែម្តង។

សូមជម្រាបថា គេនៅមិនទាន់ដឹងអំពីជោគវាសនានៃយន្តហោះ An-26 និងមនុស្សទាំង ២៨នាក់ ខាងលើនេះនៅឡើយទេ ខណៈអាជ្ញាធរអាកាសចរណ៍រុស្ស៊ី កំពុងព្យាយាមទាក់ទង និងអាចចាត់ ចែងក្រុមសង្គ្រោះ ដើម្បីតាមស្វែងរក៕