ក្រោយមានការអន្តរាគមន៍របស់សម្តេចតេជោ ហ៊ុន សែន សត្វតោត្រូវបានដឹកមកដល់ផ្ទះនៅភ្នំពេញវិញហើយ

សត្វតោដែលត្រូវបានម្ចាស់ដាក់ឈ្មោះឱ្យថា «ហ៉ីម៉ា» បានដឹកមកដល់ផ្ទះរបស់ជនជាតិចិន នៅរាជធានីភ្នំពេញវិញហើយនៅវេលាម៉ោងប្រមាណ ២៖៥០នាទីរសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១នេះ បន្ទាប់ពីមានការជួយអន្តរាគមន៍ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ជាមួយនឹងការនាំមកដល់ផ្ទះនៅខណ្ឌបឹងកេងកងវិញនេះ បុរសជនជាតិចិនជាម្ចាស់ ក៏បានរៀបចំធ្វើ ជារបងដាក់សត្វតោនៅក្នុងផ្ទះ ដើម្បីធានាសុវត្ថិភាពនៃការរស់នៅ តាមការណែនាំរបស់សម្តេច តេជោផងដែរ។ ម្ចាស់តោបានបញ្ជាក់ថា តោដែលគេឱ្យខ្លួននេះ គឺមិនបានដកធ្មេញ ឬដកក្រចក ដូចការលើកឡើងនោះឡើយ។ ប៉ុន្តែបានទទួលស្គាល់ថា ខ្លួនបានកាត់ក្រចកជើងតោ ដើម្បីការពារ គ្រោះថ្នាក់ដល់អ្នកចិញ្ចឹម។

សម្តេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ បានសម្រេចឱ្យបុរសជនជាតិចិន អាចយកសត្វតោរបស់ខ្លួនមកចិញ្ចឹមនៅផ្ទះវិញបាន បន្ទាប់ពីមន្ត្រីរដ្ឋបាលព្រៃឈើដកហូតកាល ពីចុងខែមិថុនា។

ជាមួយការអនុញ្ញាតឱ្យជនជាតិចិនយកតោត្រឡប់ទៅចិញ្ចឹមវិញនេះ សម្តេចតេជោ បានណែនាំឱ្យ ម្ចាស់ធ្វើទ្រុងឱ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពទាំងមនុស្សក្នុងផ្ទះ និងអ្នករស់នៅជិតខាង។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបានអរគុណជនរួមជាតិទាំងក្នុង និងក្រៅប្រទេស ដែលបានផ្តល់ យោបល់ និងអាណិតដល់សត្វតោ។

ជាមួយការអនុញ្ញាតឱ្យយកតោត្រឡប់ទៅចិញ្ចឹមវិញនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរ ថា ក្នុងករណីមានការផាកពិន័យប្រាក់ ក៏ត្រូវប្រគល់ជូនទៅវិញផងដែរ។

ម្ចាស់តោដែលមានគណនីហ្វេសប៊ុកឈ្មោះ «Qi Xiao» បានបង្ហាញនូវក្តីរីករាយ និងថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានសម្រេច ឱ្យតោមកខ្លួនចិញ្ចឹមឡើងវិញ។

លោក Qi Xiao បានលើកឡើងថា ការសម្រេចរបស់សម្តេចតេជោ ធ្វើឱ្យរូបលោករស់នៅក្នុង ប្រទេសកម្ពុជាកាន់តែមានអារម្មណ៍កក់ក្តៅថែមទៀត។
លោក Qi Xiao បានរៀបរាប់យ៉ាងដូច្នេះ «ជាបឋមខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងខ្ពង់ខ្ពស់ ដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានយកចិត្តទុកដាក់ ចំពោះបញ្ហានេះ។

ហើយក៏សូមអរគុណដល់ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ផងដែរ និងពុកម៉ែបងប្អូន ប្រជាជនកម្ពុជាទាំងអស់ ដែលបានជួយ និងគាំទ្រដល់ [ហ៊ីម៉ា (ឈ្មោះតោ)] របស់យើងខ្ញុំ ធ្វើឱ្យខ្ញុំ បាទរស់នៅក្នុងប្រទេសកម្ពុជាយ៉ាងមានអារម្មណ៍កក់ក្តៅ។ ជាចុងក្រោយសុំជូនពរឱ្យកម្ពុជា និងចិន ជាមិត្តដែកថែបជារៀងរហូត»។

ជាមួយការអរគុណនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានតបលើទំព័រហ្វេសប៊ុកទៅវិញផងដែរថា នេះជាករណីពិសេស ដោយសារម្ចាស់តោបានចិញ្ចឹមវាតាំងពីតូចមក ប្រៀបដូចជាសមាជិកគ្រួសារ ទៅហើយ ទើបអនុញ្ញាតឱ្យយកទៅចិញ្ចឹមឡើងវិញ៕