ក្រសួងសាធារណការ និងដឹកជញ្ជូន និងគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវល្បឿនលឿន បានពិភាក្សាគ្នា ស្វែងរកដំណោះស្រាយ ផលប៉ះពាល់ ដែលនៅសេសសល់ ក្នុងគោលបំណង ដើម្បីពន្លឿនការសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ ខេត្តព្រះសីហនុ ឱ្យសម្រេចតាមផែនការគ្រោងទុក។
ឯកឧត្តម សួង ហេង រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំពិភាក្សា ការងារគម្រោងអភិវឌ្ឍន៍ហេដ្ឋា រចនាសម្ព័ន្ធ ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានី ភ្នំពេញ ទៅកាន់ខេត្តព្រះសីហនុ ជាមួយនឹងលោក ចូវ យ៉ុង ( Zhou Yong) តំណាងក្រុមហ៊ុន CAMBODIAN PPSHV EXPRESSWAY CP., LTD (CPEC) និង ទីប្រឹក្សាបច្ចេកទេស លោក Peter Tan Beow Teik តំណាងក្រុមហ៊ុន MINCONSULT SDN BHD (CE) ដោយមានការចូលរួម ពីថ្នាក់នាំ និងមន្ត្រីក្រោមឱវាទក្រសួង។
ថ្លែងទៅកាន់អង្គប្រជុំ នាឱកាសនោះ ឯកឧត្តម រដ្ឋលេខាធិការ បានមានប្រសាសន៍ថាៈ កិច្ចប្រជុំនេះ ធ្វើឡើង ដើម្បីស្វែងរកដំណោះស្រាយ ផលប៉ះពាល់ ទាក់ទងនឹងបញ្ហា ផ្លូវវាង ជាកម្មសិទ្ធិឯកជន ផ្លូវកាត់ទទឹងតូចៗ លូឆ្លងកាត់ក្រោមផ្លូវល្បឿនលឿន ក៏ដូចជាបញ្ជរ និងបញ្ហាមួយចំនួនផ្សេងទៀត ដែលមិនទាន់មានការ ឯកភាពគ្នា នៅក្នុងគម្រោងអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានី ភ្នំពេញ ទៅកាន់ ខេត្តព្រះសីហនុ ដើម្បីពន្លឿនការអនុវត្ត គម្រោងនេះ ឱ្យបានចប់ជាស្ថាពរ តាមផែនការ ដែលបានគ្រោងទុក។
ឯកឧត្តម បានគូសបញ្ជាក់ថាៈ ក្រសួង នឹងព្យាយាម ជួយសម្របស្រួល សហការដោះ ស្រាយ ដើម្បីជំរុញការងារ សាងសង់នេះ ឱ្យទាន់ពេលវេលា ដើម្បីអាចបញ្ចប់គម្រោង នៅឆ្នាំក្រោយ និងបានស្នើឱ្យ ក្រុមហ៊ុនសាងសង់ និងភាគីពាក់ព័ន្ធដទៃទៀត ធ្វើការបន្ទន់ឥរិយាបទ ទន់ភ្លន់ដាក់គ្នា ទៅវិញ ទៅមក រួបរួមគ្នាដោះស្រាយបញ្ហា ប្រឈម ទាំងអស់គ្នា ជៀសវាងការដោះ ស្រាយបញ្ហាតែភាគីម្ខាងណាមួយ។
ជាមួយគ្នានេះ ឯកឧត្តម រដ្ឋលេខាធិការ បានណែនាំឱ្យក្រុមហ៊ុន សាងសង់ទៅធ្វើការ សិក្សាឱ្យបានលម្អិត លើទីតាំងរងផលប៉ះពាល់ទាំងនោះ ដោយកែតម្រូវទៅតាម ភូមិសាស្ត្រ ជាក់ស្តែង ដើម្បីកាត់បន្ថយ ការដោះស្រាយ ផលប៉ះពាល់ ឱ្យបានច្រើន តាមកម្រិត ដែលអាចធ្វើទៅបាន ហើយដាក់ជូនលទ្ធផល នៃការ សិក្សានោះ ទៅថ្នាក់ដឹកនាំ ក៏ដូចជាគណៈកម្មការបច្ចេកទេស ពិនិត្យដោះស្រាយ។
សូមបញ្ជាក់ថា គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានប្រវែងជាង ១៩០ គីឡូម៉ែត្រ ដែលបាន បើកការដ្ឋានសាងសង់ កាលពីខែកក្កដា ឆ្នាំ២០១៩ គិតត្រឹម ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ ដំណើរការ សាងសង់ សម្រេចបាន ៥៥,០៥% ហើយ និងគ្រោងបញ្ចប់ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣។ ផ្លូវនេះ តភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ៕