អាល់កុលក្លែងក្លាយ ឬ មេតាណុល ជិត ៥តោន ត្រូវមន្ត្រីជំនាញ ក.ប.ប. យកទៅបំផ្លាញចោល

មន្រ្តីអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប” នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២១ បាននាំយកអាល់កុលក្លែងក្លាយ ឬ មេតាណុល ប្រមាណជិត ៥ តោន ទៅបំផ្លាញចោល នៅទីលានចាក់សំរាម ដែលស្ថិតនៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មាន ពីមន្ត្រីជំនាញ ក.ប.ប. បានបញ្ជាក់ថាៈ នៅក្នុងពិធីបំផ្លាញចោលនេះ ត្រូវបានរៀបចំឡើង ដោយមានការឯកភាព ពីស្ថាប័នអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ និងមានការចូលរួមពី សមត្ថកិច្ចនៃ ការិយាល័យនគរបាល ប្រឆាំងបទល្មើសសេដ្ចកិច្ន ស្នងការ ដ្ឋាននគរបាល រាជធានីភ្នំពេញផងដែរ។

សូមជម្រាបថា សារធាតុមេតាណុលទាំងនេះ ត្រូវបានមន្រ្តី នៃអគ្គនាយកដ្ឋាន ក.ប.ប. ត្រួត ពិនិត្យ ឃើញ និងរឹបអូសពីតាម បណ្តាឃ្លាំងស្តុក និងបណ្តាឱសថស្ថាននានា ក្នុងរាជធានីភ្នំពេញ៕